លោក ស៊ុន ចាន់ថុល ៖ កម្ពុជា និងកាណាដា មានទំនាក់ទំនងល្អបានជួយដល់ស្តារឡើងវិញផ្លូវរថភ្លើងភាគខាងជើង និងខាងត្បូងរបស់កម្ពុជា

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឡើងថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសកម្ពុជា និងកាណាដា ជាពិសេសចំពោះជំនួយរបស់ប្រទេសកាណាដា តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួយដល់កម្ពុជា លើការស្តារឡើងវិញផ្លូវរថភ្លើងភាគខាងជើង និងខាងត្បូង។

ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ខាងលើនេះធ្វើឡើងនៅក្នុងពេលទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

ទទ្ទឹមនឹងនេះ លោក ទេសរដ្ឋមន្រ្តី បានលើកឡើងពីការរីកចម្រើន និងការកសាងឥតឈប់ឈរលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការដាក់ដំណើរការ និងគម្រោងសាងសង់ផ្លូវល្បឿនលឿននានា និងគម្រោងព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានេះ លោក ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីតម្រូវការគោលនយោបាយ និងយុទ្ធសាស្រ្តលើការគ្រប់គ្រង យានយន្តអគ្គិសនី ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីផងដែរ។

លោករដ្ឋមន្ត្រីក៏បានលើកឡើងបន្ថែមពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានកំពុងអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាវិស្វករនាថ្ងៃអនាគតយ៉ាងពិតប្រាកដ មានជំនាញច្បាស់លាស់ ដើម្បីបន្តអភិវឌ្ឍ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យ ប្រទេសកាណាដា ពិនិត្យលទ្ធភាពសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្សតាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយបណ្តុះបណ្តាលបន្ថែមតាមប្រព័ន្ធ Zoom ពីសាស្រ្តាចារ្យជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកាណាដា។

ក្នុងឱកាសនេះដែរ លោកស្រី ឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់នូវកិច្ចសហការល្អជាមួយប្រទេសកាណាដា។ លោកស្រី បានអញ្ជើញ លោកទេសរដ្ឋមន្រ្តី ចូលរួមទិវាបុណ្យជាតិប្រទេសកាណាដា នាដើមខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបានលើកឡើងពីបំណង នៃកិច្ចសហការអភិវឌ្ឍធនធានមនុស្ស តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយនឹងសាលា ឬស្ថាប័នជំនាញផ្នែកហេដ្ឋរចនាសម្ព័ន្ធ នៃប្រទេសកាណាដា។

ជាមួយគ្នានេះ លោកស្រីក៏បានលើកពីបច្ចេកវិទ្យា និងមូលនិធិហិរញ្ញវត្ថុ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រទេសកាណាដាបានអនុវត្តនៅតាមតំបន់មួយចំនួនលើពិភពលោក៕