បទវិភាគផ្នែកច្បាប់៖ តើអាណាព្យាបាលដែលឱ្យកូនផឹកគ្រឿងស្រវឹងមានទោសដូចម្តេច?

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានករណីផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុក ពាក់ព័ន្ធនឹង ឪពុកម្តាយ ឬអាណាព្យាបាល មួយក្រុមជួបជុំផឹកស៊ីយ៉ាងសប្បាយរីករាយនៅទីតាំងមួយកន្លែងនៅក្នងប្រទេសកម្ពុជា។

នៅក្នុងវីដេអូ ដែលត្រូវបានផ្សព្វផ្សាយនោះ គេឃើញ ឪពុកម្តាយ (អាណាព្យាបាល) បាននាំកូនស្រី របស់ខ្លួនអាយុចន្លោះពី ៣ ទៅ ៥ ឆ្នាំ ផឹកស្រាបៀរ និងជល់កំប៉ុងបៀរយ៉ែ យ៉ាងរំភើយ និងគ្មានការហាមឃាត់អ្វីបន្តិចសោះឡើយ។ ករណីនេះ ត្រូវបានគេរិះគន់យ៉ាងព្រោងព្រាតតាមបណ្តាញសង្គមហ្វេសបុក ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គី ពិសិដ្ឋ អ្នកជំនាញផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន “ខ្មែរឈានមុខ” ឬ “Khmer CM” នឹងធ្វើអត្ថាធិប្បាយផ្នែកច្បាប់ ថា តើអាណាព្យាបាលដែលឱ្យកូនផឹកគ្រឿងស្រវឹងមានទោសដូចម្តេច?

គ្រឿងស្រវឹងជាប្រភេទភេសជ្ជៈ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព នៅពេលដែលមានការបរិភោគលើសកម្រិត និងជាប្រចាំ។ ចំពោះកុមារវិញ គ្រឿងស្រវឹងអាចធ្វើឱ្យកុមារខ្សោយការចងចាំ ខូចតម្រងនោម និងមានទម្លាប់ផឹកជាប្រចាំ ឬញៀនស្រា។

ការញុះញង់មានពីរប្រភេទ គឺ តាមន័យធម្មតានិង តាមន័យច្បាប់។ ចំពោះនិយមន័យធម្មតា ការញុះញង់ គឺជាការនិយាយ ការបង្ហាញ ធ្វើជាគម្រូ នាំឱ្យអ្នកដទៃធ្វើអ្វីមួយដូចដែលខ្លួនចង់បាន ឬចង់ ឬបានបង្ហាញ។ ចំណែកឯនិយមន័យច្បាប់វិញ ការញុះញង់ គឺជាការផ្ដើមគំនិតឱ្យអ្នកណាម្នាក់ប្រព្រឹត្តបទល្មើសមជ្ឈិម ឬឧក្រិដ្ឋ។ ការញុះញង់នេះអាចប្រព្រឹត្តដោយសំដី សំណេរ ឬគំនូរតាមប្រភេទណាក៏ដោយ និងគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍។
ការញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង គឺជាបទល្មើសមួយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ម នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់យកមកអនុវត្តទៅលើបុគ្គលដែលមានចេតនាក្នុងការញុះញង់ ឬបង្ខិតបង្ខំឱ្យអនីតិជនបរិភោគគ្រឿងស្រវឹង។

តាមមាត្រា ៣៤៣ នៃក្រមព្រហ្មទណ្ឌ ស្តីពីបទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹងចែងថា “ការញុះញង់អនីតិជនដោយផ្ទាល់ឱ្យបរិភោគជាប្រចាំ និងយ៉ាងច្រើននូវគ្រឿងស្រវឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន រៀល ទៅ ៤លានរៀល។ មាត្រា ៣៤៨ ស្តីពីការប៉ុនប៉ង “ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងជំពូកនេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរ។”

បើបុគ្គលនោះប៉ុនប៉ង ឬបានញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹងក៏ដោយ ក៏ត្រូវបានផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមានផងដែរ។ ការផ្សព្វផ្សាយគ្រឿងស្រវឹង ផ្ទាំង ឬបដាតាមដងផ្លូវ តាមបណ្តាញសង្គម ទូរទស្សន៍ វិទ្យុ ឧបករណ៍បំពងសម្លេង ដែលអាចឱ្យអនីតិជនបានស្តាប់ឮ ឬមើលឃើញ ក៏ចាត់ទុកថាបានញុះញង់ឱ្យអនីតិជនសេពគ្រឿងស្រវឹងដែរ។

កន្លងមក ការផ្សព្វផ្សាយអំពីស្រាបៀ មន្ត្រីនគរបាលយុត្តិធម៌ ពុំមានវិធានការណ៍ទេ។ តើនេះមកពីការផ្សព្វផ្សាយស្រាយបៀ ពុំចាត់ទុកថាជាការញុះញង់ទេ? តើការញុះញង់ទាល់តែហុចស្រាបៀ ចាប់ទាញដៃ ចាប់បញ្រ្ចក បង្អកបញ្ជុក ភ្ជង់គម្រាម ទើបហៅថាញុះញង់?
ដូចបានបកស្រាយខាងលើ អាណាព្យាបាល ឬឪពុកម្តាយ ឬសូម្បីតែជនណាក៏ដោយ ដែលបានហុចឱ្យ បង្ហាញ ធ្វើជាគម្រូ ផ្សព្វផ្សាយ តាមគ្រប់មធ្យោបាយ មានតាំងពីការមើលឃើញ ឬស្តាប់ឮ ដែលញឹងឱ្យកុមារបានផឹក ឬចង់ផឹកនូវគ្រឿងស្រវឹង លើកលែងតែជាការសម្តែង ការអប់រំ ឬច្បាប់អនុញ្ញាតឱ្យ ពុំនោះទេ នឹងត្រូវមានទោសពីបទញុះញង់ឱ្យអនីតិជនសេពគ្រឿងស្រវឹង។

តាមពិតទៅបើយោងតាមអត្តន័យច្បាប់ ការឱ្យស្រាបៀទៅកុមារផឹកដោយអាណាព្យាបាល ឬអ្នកជិតខាង ពុំមានទោសទេ ព្រោះបានឱ្យតែម្តង។ បើក្រុមហ៊ុនស្រាបៀវិញគឺញុះញង់ជាប្រចាំ ដូច្នោះ គឺម្ចាស់ក្រុមហ៊ុនស្រាបៀរទេ ដែលចូលជាបទល្មើសញុះញង់ឱ្យអនីតិជនសេពគ្រឿងស្រវឹង៕