កណ្តាល៖ កំណាត់ផ្លូវជាតិលេខ២៣ ដែលមានប្រវែង ១៩,៨៣គីឡូម៉ែត្រ តម្លៃប្រមាណ ២១,៦៨លានដុល្លារអាមេរិកចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣។ គម្រោងនេះជាគម្រោងស្ថិតក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលផ្លូវនេះមានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤) នៃភូមិសាស្រ្តខេត្តកណ្តាល។
គម្រោងនេះនឹងត្រូវស្ថាបនាជា ២គន្លងទៅ និង២គន្លងមក ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ។ ជាមួយគ្នានេះ គម្រោងក៏នឹងស្ថាបនាផងដែរនូវស្ពានចំនួន ៤កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន ៣៣កន្លែង លូប្រអប់កាត់ទទឹងផ្លូវចំនួន ១៧កន្លែង និងលូមូលអមសងខាងផ្លូវប្រវែង ១ ៥៥៨ម៉ែត្រព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
កំណាត់ផ្លូវជាតិលេខ២៣នេះ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម(ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះ។
គម្រោងនេះ ត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ និងប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២១,៦៨លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ផងដែរ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានផ្តាំផ្ញើដល់ក្រុមហ៊ុនសាងសង់ និងអង្គភាពគ្រប់គ្រងគម្រោងអនុវត្តការងារឱ្យបានត្រឹមត្រូវ និងសម្រេចជោគជ័យ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ព្រមទាំងស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែងនៅជិតការដ្ឋានសាងសង់ ឬទទួលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នេះ សូមមេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់ ដើម្បីជំរុញឱ្យការដ្ឋានសាងសង់អាចដំណើរការបានរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗ ជាច្រើនតាមរយៈការដាក់ឱ្យដំណើរការ ការប្រកាសសម្ពោធជាផ្លូវការ និងបើកការដ្ឋាននាជាច្រើន។
លោកបន្តថា ផ្លូវនេះគឺជាចំណងដៃថ្មីមួយទៀតសម្រាប់បងប្អូន ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗ ដែលនេះជាការឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍទៅមុខឥតឈប់ឈរនៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងការតភ្ជាប់ប្រទាក់ក្រឡាទៅដល់គ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា៕