សម្ដេច ហ៊ុន សែន៖ ការសម្រេចចិត្តខាងផ្នែកនយោបាយ សម្ដេចជាមនុស្សដែលមានចិត្តធ្ងន់បំផុត

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) នៅក្រសួងការពារជាតិនៅថ្ងៃទី២០ មិថុនា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសទទួលស្គាល់ខ្លួនឯងថា ជាមនុស្សម្នាក់មានចិត្តឆេវឆាវ ប៉ុន្តែ ការសម្រេចចិត្តខាងផ្នែកនយោបាយវិញ គឺសម្ដេចជាមនុស្សដែលមានចិត្តធ្ងន់បំផុត ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បាននរៀបរាប់ពីកាលពី៤៦ឆ្នាំមុនដែលបានសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងនោះសម្តេចក៏បានរៀបរាប់ពីភរិយារបស់សម្តេចដែលមានផ្ទៃពោះឆ្លងទន្លេកូនទី១ ហើយបានស្នើសុំទៅថ្នាក់លើដើម្បីមានពេលវេលាទៅមើលថែប្រពន្ធកូននាពេលនោះ តែថ្នាក់លើមិនអនុញ្ញាតឡើយ។

សម្តេច ហ៊ុន សែន បន្តថា ដោយសារតែការមិនអនុញ្ញាតនេះហើយទើបសម្តេចបានទម្លាយកាលពេលនោះថា សម្តេចក៏មានកាំភ្លើងជាប់ក្នុងខ្លួនដែរ តែបើសិនជាសម្តេចមានចិត្តឆេវឆាវមែនយកកាំភ្លើងបាញ់ហើយ តែនេះជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវទើបសម្តេចចិត្តធ្ងន់ស៊ូទ្រាំបន្តទៀតដើម្បីជាតិ ។

ចំណុចដូចខាងលើនេះ សម្តេថ្លែងថា “ខ្ញុំទទួលស្គាល់ខ្លួនឯងថា ជាមនុស្សដែលឆេវឆាវ ខ្ញុំជាមនុស្សឆេវឆាវ ក៏ប៉ុន្តែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សដែលចិត្តធ្ងន់បំផុតហើយសូមអ្នកទាំងអស់គ្នាមើលទៅ តើខ្ញុំមានដែលសម្រេចចិត្តខាងនយោបាយ ពាក់ព័ន្ធជាមួយនឹងដំណើរផលប្រយោជន៍ជាតិ តាមរបៀបឆេវឆាវទេ គឺអត់ទេ” ។

សម្ដេចក៏បន្ថែមថា ចំពោះអ្នកដទៃក៏មិនអាចចិត្តធ្ងន់ដូចសម្ដេចបានទេ ៕