សម្តេច ហ៊ុន សែន នឹងបន្តជួបកម្មករ១០លើកទៀត

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ជាថ្មីថា នឹងបន្តចុះជួបកម្មករកម្មការិនីនៅតាមបណ្តារោងចក្រនៅក្នុងរាជធានី-ខេត្តនៅក្រោយការបោះឆ្នោតជ្រើសរើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាចំនួន១០លើកទៀត។

ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នាព្រឹកថ្ងៃ១៩ មិថុនា សម្តេចបានលើកឡើងថា«ខ្ញុំដាក់កម្មវិធីរួចហើយ បោះឆ្នោតថ្ងៃ២៣ ខែកក្កដា អីចឹងខ្ញុំចុះនៅថ្ងៃ២៧ខែកក្កដា ខ្ញុំនឹងចាប់ផ្តើមជួបកម្មករកម្មការិនី១០ដងទៀត ដែលជួបម្តងមានកម្មករជាង១ម៉ឺននាក់ឡើងទៅ»។

សម្តេចក៏បានលើកឡើងថា បានផ្អាកជួបកម្មករនៅក្នុងពេលយុទ្ធនាការបោះឆ្នោត។ ជាមួយគ្នានោះដែរសម្តេចក៏បានបន្តថា ការជួបកម្មករនេះក៏ស្របនឹងគោលនយោបាយស្តីពីការគាំពារសង្គមទៅលើបញ្ហាស្ត្រីមានផ្ទៃពោះរហូដល់កូនមានអាយុ២ឆ្នាំ ដែលនឹងចាប់ផ្តើម នៅខែសីហាឆ្នាំ២០២៣ខាងមុខនេះ៕