កំពង់ធំ៖ ប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាអំណោយរបស់ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា កូកា-កូឡា សហការជាមួយអង្គការមូលនិធិ Planet Water ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីផ្តល់ទឹកស្អាតសម្រាប់សិស្សទទួលទាន។
នៅក្នុងពិធីសម្ពោធ លោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Cambobdia Bewerage Co., Ltd ថ្លែងថា លោក Arup Sinha Roy បានឱ្យដឹងថា ប៉មចម្រោះទឹកស្អាតនេះ ជាប៉មទី២ហើយ សម្រាប់ខេត្តកំពង់ធំ។ AquaTower គឺជាប្រព័ន្ធចម្រោះទឹកស្អាតដែលបង្កើតឡើងដោយមូលនិធិ Planet Water ដែលមានបច្ចេកវិទ្យាកម្ចាត់ភ្នាក់ងារបង្កជំងឺនានា និងសារធាតុកខ្វក់ផ្សេងទៀត ដោយផ្តល់ទឹកស្អាតសម្រាប់ពិសារដោយឥតគិតថ្លៃសម្រាប់សហគមន៍ខ្វះខាតទឹកស្អាតប្រើប្រាស់ វាមានសមត្ថភាពផលិតទឹកបាន 1,000លីត្រក្នុងមួយម៉ោង។
លោកបន្តថា បន្ថែមពីលើប៉មចម្រោះទឹកស្អាត AquaTowerនេះ ក្រុមហ៊ុនក៏ផ្តល់ជូនសាលានូវម៉ាស៊ីនអនាម័យលាងសម្អាតបន្ទប់ទឹក AquaSan ផងដែរ។ គម្រោងនេះគឺជាជំនួយឧបត្ថម្ភពីមូលនិធិកូកា-កូឡា ក្រៅពីប៉មចម្រោះទឹក និងម៉ាស៊ីនអនាម័យនេះ ក្រុមហ៊ុនក៏នឹងផ្តល់ជូនកែវទឹកចំនួន ៨០០ ដល់សិស្សានុសិស្ស ធុងបែងចែកសំរាមចំនួន៥ឈុតដល់សាលា ដើម្បីជាចំណែកចូលរួមក្នុងកិច្ចប្រឹងប្រែងលើការងារ «ពិភពលោកគ្មានសំរាម និងការចូលរួមគ្រប់គ្រងទឹកប្រកបដោយចីរភាព»។
លើកឡើងនាឱកាសនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានស្នើឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ចូលរួមថែរក្សា ការពារ និងគ្រប់គ្រងប៉ោមចម្រោះទឹកស្អាតនេះ ឲ្យនៅគង់វង្ស និងប្រើប្រាស់បានយូរអង្វែង និងចូលរួមថែរក្សាអនាម័យ បរិស្ថាន និងគ្រប់គ្រងសំរាមនៅក្នុងបរិវេណសាលារៀនឲ្យបានល្អ និងបន្តអប់រំ ណែនាំ និងបង្ហាត់បង្រៀនសិស្សឲ្យក្លាយជាសិស្សល្អ សិស្សពូកែ សិស្សគំរូ និងក្លាយជាទំពាំងស្នងឬស្សីប្រកបដោយថាមពល និងសក្តានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងសំបូររុងរឿងថែមទៀត។
បន្ថែមពីនេះលោក ថោង ខុន ក៏បានស្នើឱ្យមូលនិធិ Planet Water និងក្រុមហ៊ុន Coca Cola បន្តជួយឧបត្ថម្ភផ្តល់អំណោយប៉ោមចម្រោះទឹកស្អាតនេះ ទៅដល់វិទ្យាល័យ និងអនុវិទ្យាល័យជាច្រើនទៀតនៅក្នុងស្រុកបារាយណ៍ផងដែរ៕