សម្ដេច ហ៊ុន សែន អះអាងថា កម្ពុជាមានប្រេងច្រើន តែមិនទាន់ខួងយកមកប្រើបាន

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា តាមរយៈការសិក្សានាពេលកន្លងទៅ កម្ពុជាមានប្រេងច្រើនកន្លែង តែមិនទាន់ខួងយកមកប្រើប្រាស់ ខណៈសម្ដេចសង្ឃឹមថា ថ្ងៃអនាគត កម្ពុជានឹងអាចខួងយកមកប្រើ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃ១៩ ខែមិថុនា សម្ដេចតេជោ លើកឡើងថា កម្ពុជា មានប្រេងនៅតំបន់ទន្លេសាប និងសមុទ្រ មានទាំងនៅក្នុងដី ព្រមទាំងក្នុងទឹក។

សម្ដេច នាយករដ្ឋមន្ដ្រី បញ្ជាក់ថា «ប្រទេសខ្មែរ អត់ទាន់បានខួងយកប្រេងនៅក្រោមដីទេ។ ប្រទេសខ្លះ គខួងប្រេងក្រោមបាតសមុទ្រ ក្រោមដី យកមកប្រើប្រាស់លក់ឲ្យយើងទៀត រាល់ថ្ងៃនេះ។ ប៉ុន្ដែយើងមិនទាន់បានខួងយកប្រេងទេ ខួងបានម្ដងគេថា តិចពេក ក្រុមហ៊ុនក្ស័យធន រត់ចោលយើង ទម្រាំយកបានវិញ ខំបូមប្រេងចេញមក ក្រុមហ៊ុនក្ស័យធនទៅ ដោយសារ បានចំនួនតិច»។

សម្ដេចនាយករដ្ឋមន្ដ្រី បន្ដថា «ប៉ុន្ដែយើងក៏មានការ សិក្សាបន្ដ សង្ឃឹមថា អនាគតកម្ពុជាយើង អាចនឹងមានប្រេង ហើយប្រេងនៅតំបន់ទន្លេសាបក៏អាចមាន ក្នុងដីគោកក៏អាចមាន ក្នុងទឹកក៏អាចមាន គ្រាន់តែយើងមិនទាន់សិក្សាអស់”។

កាលពីប៉ុន្មានឆ្នាំមុន កម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនសិង្ហបុរីបូមប្រេងនៅដែនសមុទ្រកម្ពុជា ជាប់ព្រំដែនថៃ ក្នុងប្លុកអេ ប៉ុន្តែក្រោយបូមបាន៣០ម៉ឺនបារែល ក្រុមហ៊ុនប្រកាសក្ស័យធន ហើយកប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុនដែលជួលមកនោះបានលួចដឹកចេញពីកម្ពុជា តែបានអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជាអន្តរាគមន៍យកមកវិញបានទាន់ពេលវេលា៕