ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បញ្ជាក់ថា ក្រុងអរិយក្សត្រ ដែលជាក្រុងទើបង្កើតថ្មី ត្រូវរក្សាទុក ឱ្យខេត្តកណ្តាលគ្រប់គ្រង និងមិនកាត់ចូលមកឱ្យរាជធានីភ្នំពេញនោះទេ ។
ការបញ្ជាក់ច្បាស់ៗរបស់សម្តេច ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេច ហ៊ុន សែនបញ្ជាក់ថា ការរក្សា ក្រុង អរិយក្សត្រ ឱ្យខេត្តកណ្តាលគ្រប់គ្រងនេះ ដើម្បីឱ្យខេត្តមានលទ្ធភាពប្រមូលពន្ធលើវិស័យអចលនទ្រព្យ។ សម្តេចបន្ថែមថា ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នឹងត្រូវកសាង ដើម្បីសម្រួលដល់ការធ្វើដំណើរ និង ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានសម្រេចបង្កើតក្រុង “ក្រុងអរិយក្សត្រ” នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន ៦ នៃស្រុកខ្សាច់កណ្តាល និងឃុំចំនួន ៥ នៅស្រុកល្វាឯម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបង្កើតក្រុងមួយទៀត គឺ “ក្រុងសំពៅពូន” នៃខេត្តកណ្ដាល ដោយកាត់យក៥ឃុំ ពីស្រុកកោះធំ។
ក្រុងងអរិយក្សត្រ ជាក្រុងទី២ របស់ខេត្តកណ្តាល ដែលមានសង្កាត់ចំនួន ១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង៕