ភ្នំពេញ៖ ប្រជាពលរដ្ឋ ម្នាក់ ឈ្មោះ ស្រីពីន បានដាក់សំណើ ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឱ្យជួយផ្សព្វផ្សាយ ប្រាប់ទៅដល់អាជ្ញាធរខេត្តបាត់ដំបងជួយសម្រួល និងដោះស្រាយបញ្ហាអាជ្ញាធរឃុំរុះរើតូប ម្តាយរបស់ខ្លួន ជាអាជីវកនៅផ្សារខ្នាតរមាស ស្ថិតនៅក្នុងស្រុកបាវេល។
តាមរយៈសំណើរបស់ពលរដ្ឋនោះ ត្រូវបានលោក ខៀវ កាញារីទ្ធ យកមកផ្សព្វផ្សាយនៅលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី១៦ ខែមិថុនានេះ មានខ្លឹមសារថា “សូមគោរព លោកអ៊ុំ !ក្មួយសូមលោកអ៊ុំ ជួយផ្សព្វផ្សាយព័ត៌មានដល់ អាជ្ញាធរខេត្តបាត់ដំបងជួយសម្រួលដល់ម្តាយខ្ញុំជា អាជីករម្នាក់នៅផ្សាខ្នាចរមាស ស្រុកបរវេលនៃខេត្តបាត់ដំបងផង”។
ពលរដ្ឋម្នាក់នោះបន្តថា “បញ្ហា: មុនអាជ្ញាធរឃុំ ធ្វើការសុំអភិវឌ្ឍផ្លូវជុំវិញផ្សារ តូបម្តាយនាងខ្ញុំ មានទទឹង៣ម៉ែត្រ ដែលមានធាតូបតាំងពីជំនាន់លោកតាខ្ញុំម្លេះ។ អាជ្ញាធរឃុំ សូមធ្វើការរុសរើនឹង សុំអោយកាត់ដីតូប ១ម៉ែត្រដើម្បីចូលរួមសាងសង់ផ្លូវអោយធំជាងមុន។ យើងបានយល់ព្រមផ្តល់ទទឹង១ម៉ែត្រដល់គម្រោងនេះ ដូចនេះ មានការព្រមព្រៀងថា អាជីករដែលប៉ះពាល់នឹងការសាងសង់នេះអាចសាងសង់តូបទទឹងពីរម៉ែត្រវិញបាន នៅពេលធ្វើការដាក់លូររួចរាល់”។
ប្រភពដដែលនោះបន្ថែមថា “បច្ចុប្បន្ននេះ តូបបានសង់សារជាថ្មីក្នុងទំហំតែ២ ម៉ែត្រ តែអាជា្ញធរឃុំនៅតែ ទាមទាអោយមានការរុសរើ បន្ថែមទៀត។ វិវាទមានការកើតឡើងស្ទើររាល់ថ្ងៃ ម្តាយខ្ញុំត្រឹមតែអាជីវករ ស្មោះត្រង់ម្នាក់នេះមិនបានលក់ដូរអីទេ លោកអ៊ុំ។ យើងមិនសូមអីច្រើនពីអាជ្ញាធរឃុំទេ សូមតែរក្សាតូបនេះ 2ម៉ែត្រ ដូចដែលលោកធ្លាប់សន្យាអោយធ្វើប៉ុណ្ណឹងតែប៉ុណ្ណោះ។ សូមគោរពអគុណលោកអ៊ុំដ៏ស្មោះពីនាងខ្ញុំ។ ស្រីពីន ១៥ មិថុនា ២០២៣” ៕