លោក ខៀវ កាញារីទ្ធ រិះគន់ចំពោះអាជ្ញាធរខណ្ឌពោធិ៍សែនដែលចុះទៅប្រមូលនារីៗដែលកំពុងឈរបក់ដៃតាមផ្លូវវេងស្រេង

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះរិះគន់ទៅលើសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ដែលបានប្រើសាច់ដុំ ចុះទៅប្រមូលនារីៗ ដែលកំពុងឈរបក់ដៃ នៅតាមបណ្តោយផ្លូវវ៉េងស្រេង កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

តាមរយៈបណ្តាញសង្គមហ្វេសបុកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣នេះ លោក ខៀវ កាញារីទ្ធ បានសរសេរថា “ ឃើញរាជរដ្ឋាភិបាលចេញគោលការណ៍ជួយទ្រទ្រង់អ្នកបម្រើសេវាកំសាន្តនានាក៍មានចិត្តរីករាយព្រោះអ្នកទាំងនោះក៏ជាកោសិកាមួយក្នុងសង្គមកម្ពុជាយើងដែរ ស្រាប់តែឃើញអង្គភាពមួយបញ្ចេញសាច់ដុំចុះចាប់អ្នកបម្រើសេវាកំសាន្តឯករាជ្យ ( អ្នកបក់ដៃតាមផ្លូវ ) ហើយហៅកាសែតអត់វិជ្ជាជីវៈមួយចំនួនទៅជួយថតបង្ហោះថែមទៀត”។

លោកបន្តថា “ មិនដឹងថាបម្រើសេវាទាល់តែមានការចាត់តាំង ឬ មានមេមានកើយបានរដ្ឋជួយ ហើយអ្នកក្បាលមួយត្រូវមានទោស ឬ មួយគាត់បារម្ភថាខ្លាចគណបក្សប្រជាជនឈ្នះឆ្នោតច្រើនពេក បរទេសគេរិះគន់ ?” ។

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យកាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះប្រមូលនារីៗ បក់ដៃ នៅតាមបណ្តោយផ្លូវចោមចៅ(ផ្លូវវេងស្រេង) ជិតធនាគារវឌ្ឍនៈ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យសរុប ចំនួន ៣៤នាក់ (ក្នុងនោះមានភេ.ទទី.៣ ចំនួន១១នាក់) រួចនាំឡេីងជិះរថយន្តសារ៉ែនបញ្ជូនទៅសាកសួរ និងអប់រំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕