ប្រទះឃើញកូនផ្សោតទី៤ ក្នុងឆ្នាំ២០២៣នេះ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត បន្ទាប់ពីទទួលបានព័ត៌មានពីឆ្មាំទន្លេប្រចាំការនៅអន្លង់កាំពី ដែលនេះ គឺជាដំណឹងដ៏រីករាយ។ នេះ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ១៥ ខែមិថុនានេះ ។

ក្រសួងកសិកម្មបញ្ជាក់ថា​ ក្រុមការងារប្រទះឃើញកូនផ្សោតនេះ តាមរយៈរូបថតដែលថតបាន នៅម៉ោង១៣និង៣០នាទីរសៀល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រសួងបន្តថា តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណ០៥ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យចំនួន៥ក្បាលទៀត។ ជាការកត់សម្គាល់ នេះជាកូនផ្សោតទី៤ហើយ ដែលបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល៕