ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា កម្ពុជាបច្ចុប្បន្ននេះមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ។ ការអះអាងរបស់លោក នេត្រ ភក្ត្រា នេះ ធ្វើឡើងបន្ទាប់ពី រូបភាពសត្វដំរីព្រៃអាស៊ីដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់អភិរក្សក្នុងភូមិភាពឦសាននៃប្រទេសកម្ពុជាត្រូវបបានបង្ហាញ។
នៅថ្ងៃទី ១៥ ខែមិថុនានេះ លោក នេត្រ ភក្ត្រា បញ្ជាក់ថា ជាការកត់សម្គាល់រូបភាពដែលម៉ាស៊ីនថតស្វ័យប្រវត្តិបានចាប់បានក្នុងហ្វូងដំរី ក៏មានឃើញកូនដំរីតូចៗផងដែរដែលនេះគឺបង្ហាញពីការបន្តពូជ និងការមានកូនដំរីព្រៃតូចៗដែលនឹងរក្សាបាននិរន្តរភាពនៃវត្តមានដំរីព្រៃក្នុងតំបន់អភិរក្ស។
លោកបន្តថា ដំរីព្រៃភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ ក្បាល។
បើតាម លោក នេត្រ ភក្រ្តា យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។
លោកបន្ថែមថា ទោះបីជាស្ថានភាពនៃការអភិរក្សតំបន់ការពារធម្មជាតិមានភាពល្អប្រសើរផ្តល់ទីជម្រក ប្រភពទឹក និងចំណីសម្រាប់សត្វដំរីរស់នៅ តែកត្តាគំរាមកំហែងមួយចំនួននៅតែមាន ជាពិសេសជម្លោះរវាងមនុស្ស និង ដំរី ពោលគឺការរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់របស់ក្រុមជនខិលខូច បានប៉ះពាល់ដល់ទីជម្រករបស់សត្វដំរី និងកន្លែងដែលដំរីធ្លាប់រស់នៅនិងរកចំណី និងប្រភពទឹក ដែលពេលខ្លះ មានការជាន់កម្ទេចដំណាំដាំដុះរបស់ប្រជាពលរដ្ឋពីសំណាក់សត្វដំរីជាដើម។ ម្យ៉ាងទៀត គេក៏បានរកឃើញថា កូនដំរីព្រៃកំពុងទទួលរងការគំរាមកំហែងដោយសារតែការដាក់អន្ទាក់ និងការចាប់ដំរីព្រៃមកចិញ្ចឹម និងហ្វូងដំរីព្រៃមានចំនួនតិចតួចជាកត្តាគំរាមកំហែងផងដែរ។
កម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយពិភពលោកក្នុងការអភិរក្សសត្វដំរី ដែលនៅសេសសល់នៅលើពិភពលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ(IUCN)។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ជាមួយអង្គការដៃគូ បានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី។ ឯកឧត្តមបានថ្លែងថា ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ និងអង្គការផ្សេងៗទៀត ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញឱ្យមានកំណើនចំនួនប្រភេទសត្វដំរីនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា។
ផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន៖ ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ក្រុមអ្នកភីរក្សមានសុទិដ្ឋិនិយមថា ជាមួយនឹងផែនការអភិរក្សសត្វដំរី ការដោះស្រាយជម្លោះរវាងមនុស្សនិងដំរី និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ លើការងារការពារនិងអភិរក្សតំបន់ការពារធម្មជាតិ នោះនឹងកាន់តែធ្វើឱ្យទីជម្រករបស់សត្ចដំរីកាន់តែមាន សុវត្ថិភាពរួមនឹងការយល់ដឹងនិងការចូលរួមអភិរក្សពីសំណាក់ប្រជាពលរដ្ឋផងដែរ៕