ភ្នំពេញ ៖ គិតត្រឹម២០២៣ កម្ពុជាបានកើនឡើងទោចក្រយានយន្តរហូតដល់ប្រមាណ៦លានគ្រឿង និងរថយន្តប្រមាណ១លានគ្រឿងដែលបានចុះបញ្ជីរួចរាល់។ នេះបើតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសជួបពិភាក្សាការងារជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្ងៃ១៤ មិថុនា ។
លោកបន្តថា ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់កម្ពុជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋមានលទ្ធភាពទិញយានយន្តយកមកប្រើប្រាស់ យ៉ាងច្រើនលើសលុប។ ក្នុងនោះលោកបញ្ជាក់ថា “បើគិតក្នុងឆ្នាំ១៩៩៨ កម្ពុជាមានទោចក្រយានយន្តចំនួនប្រមាណ២០ម៉ឺនគ្រឿង និងរថយន្តប្រមាណ៦ម៉ឺនគ្រឿង ប៉ុន្តែបច្ចុប្បន្នគិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់»។
បន្ថែមលើចំនួនយានយន្តចរាចរណ៍នេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានលើកពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍កើតមាននៅកម្ពុជា ដោយជាមធ្យមមានអ្នកស្លាប់ប្រមាណ៥នាក់ និងរបួសប្រមាណ ១០នាក់ ក្នុងមួយថ្ងៃ។ ក្នុងនោះ ចំណោមអ្នកស្លាប់សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍មានប្រមាណ ៧៥% ជាអ្នកប្រើប្រាស់ម៉ូតូ បង្កមកពីមូលហេតុជាច្រើនដូចជា កត្តាយានយន្ត និងកត្តាមនុស្ស ពិសេសការមិនពាក់មួកសុវត្ថិភាព និងពាក់មួកសុវត្ថិភាពមិនបានត្រឹមត្រូវ។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រឹមឆ្នាំ២០៣០ កម្ពុជានឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានចំនួន៥០% ៕