ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ដើរតួនាទីសំខាន់ លើការសម្រួលបែបបទអ្នកចេញ-ចូលប្រទេស

ភ្នំពេញ ៖ ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា CBMS នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលបែបបទអ្នកដំណើរចេញ-ចូលប្រទេស ដូចជា ការរក្សាទុកទិន្នន័យអាចបម្រើដល់កិច្ចការជំនាញផ្សេងទៀត ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេស៍ បានឲ្យដឹងក្នុងឱកាសចូលរួមប្រជុំស្តាប់របាយការណ៍ ស្តីពីសំណើសុំផ្លាស់ប្តូរឧបករណ៍បច្ចេកទេស បំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួលដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់ នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា នាថ្ងៃ១៤ មិថុនា ថា «ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS នេះ គឺបានដើរតួនាទីយ៉ាងសំខាន់ជូនដល់អគ្គនាយកអន្តោប្រវេសន៍ ធ្វើជាសេនាធិការជូនដល់ក្រសួងមហាផ្ទៃ ក្នុងការសម្រួលបែបបទអ្នកដំណើរចេញចូលប្រទេស ក៏ដូចជាការរក្សាទុកទិន្នន័យដែលអាចបម្រើដល់កិច្ចការជំនាញផ្សេងទៀត»។

នាយឧត្តមសេនីយ៍បន្ថែមថា ក្នុងការដាក់ឲ្យដំណើរការដំបូង ប្រព័ន្ធនេះបានបំពាក់ឲ្យប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិទាំង២៤ និងបានធ្វើការបំពាក់បន្ថែមដល់ប៉ុស្តិ៍ច្រកទ្វាដែលទើបនឹងបង្កើតថ្មីចំនួន៣ទៀត សរុបច្ចុប្បន្នបានបំពាក់ឲ្យប៉ុស្តិ៍ច្រកទ្វាអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ សរុបចំនួន២៧។ នាយឧត្តមសេនីយ៍បន្តថា សម្រាប់ប្រព័ន្ធ CBMS នេះមានមុខងារសំខាន់ៗជាច្រើន ដែលបានបម្រើសកម្មភាព និងកិច្ចការងារនាពេលកន្លងមករបស់អគ្គនាយកដ្ឋាន។

លើសពីនេះទៅទៀត នាយឧត្តមសេនីយ៍ ក៏បានលើកឡើងបន្ថែមពីកិច្ចការជំនាញចាំបាច់ និងបញ្ហាប្រឈមមួយចំនួននៅសេសសល់របស់អគ្គនាយកដ្ឋាន ដើម្បីសម្រួល និងជម្រុញលើការងារគ្រប់គ្រងរបស់អគ្គនាយកដ្ឋានកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមរំលឹកថា ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា មានសមត្ថភាពត្រួតពិនិត្យឯកសារធ្វើដំណើរក្លែងបន្លំ និងក្លែងក្លាយ ការរក្សាផ្ទៀងផ្ទាត់ជាមួយបញ្ជីមុខសញ្ញា ផ្ទៀងផ្ទាត់ផ្ទៃមុខជាក់ស្ដែងជាមួយរូបថតខាងក្នុង របស់លិខិតឆ្លងដែន ការរក្សាទុក និងផ្ទៀងផ្ទាត់ក្រយ៉ៅដៃ ការរក្សាទុកទិន្នន័យប្រវត្តិធ្វើដំណើរ និងទិន្នន័យដំណើរចេញ-ចូល ដោយមានបំពាក់ឧបករណ៍សំខាន់ៗ ដូចជា ៖ ម៉ាស៊ីនមេមជ្ឈមណ្ឌលកណ្ដាល (HQ Server) , ម៉ាស៊ីនមេតាមបណ្ដាប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិ , ឧបករណ៍បំពេញការងារក្នុងបញ្ជរ និងត្រួតពិនិត្យចល័តតាមកំពង់ផែជាដើម៕