សម្តេច ហ៊ុន សែន ៖ ធ្វើវិសោធកម្មច្បាប់បោះឆ្នោត គឺយកតាមរូបមន្តថៃ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសវៃផ្តាច់ព្រឹត្រ្តក្រុមប្រឆាំងតែម្តងដោយការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត យករូបមន្តតាមប្រទេសថៃ ចំពោះអ្នកដែលមិនទៅបោះឆ្នោតគឺគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនោះទេ។

សម្តេចបានលើកពីគំរូរបស់ថៃមកពន្យល់ថា “យើងយកតាមរបស់ថៃ ទោះបីជាព័ត៌មានមិនទាន់ផ្លូវការ ក៏ដោយ តែមានគណបក្សនយោបាយមួយបាត់បង់រហូតដល់៨នាក់ ដោយសារមូលហេតុអ្នកតំណាងរាស្ត្រនោះមិនបានបោះឆ្នោតលើកទី១ពេលគេពិនិត្យបេក្ខភាពមួយម្តងៗ។ គេបានបដិសេធចោលអ្នកតំណាងរាស្ត្រ៨នាក់ រួចហើយ១៨មណ្ឌលត្រូវបោះឆ្នោតឡើងវិញ ហើយបោះឆ្នោតឡើងវិញគណបក្សនយោបាយដដែលនោះគ្មានសិទ្ធិដាក់បេក្ខភាពនោះទេ” ។

ការថ្លែងសារអំពីការប្រកាសធ្វើវិសោធនកម្មនេះ បន្ថែមពីលើអ្វីដែលសម្តេចនាយករដ្ឋមន្រ្តីបានថ្លែងម្តងរួចកាលពីរាត្រីថ្ងៃ១២ មិថុនា តាមរយៈសារជាសំឡេងបង្ហោះក្នុងបណ្តាញតេឡេក្រាមជាង១០នាទី។ ការនិយាយម្តងទៀតរបស់សម្តេចនេះបានធ្វើឡើងក្នុងជំនួបជាមួយកម្មករ នៅខណ្ឌពោធិ៍សែនជ័យ នាថ្ងៃ១៣ មិថុនា ។

ការប្រកាសរបស់សម្តេច ហ៊ុន សែន នេះ បន្ទាប់ពីក្រុមប្រឆាំងទាំងនៅក្នុងនិងក្រៅប្រទេសបាននាំគ្នាជជែកវែកញ៉ែក ក្នុងលក្ខណៈមិនឲ្យពលរដ្ឋទៅបោះបោះឆ្នោត ក្រោយគ្មានវត្តមានបក្សភ្លើងទៀន។

សម្តេច​ ហ៊ុន​​ សែន បានឆ្លៀតយកវេទិកាជួបកម្មករ នាថ្ងៃ១៣ មិថុនា លើកពីកិច្ចប្រជុំនៅក្រៅប្រទេសរបស់ ក្រុមប្រឆាំងដែលពួកគេនិយាយពីយុទ្ធនាការ Wifi និងយុទ្ធនាការហ្វេសប៊ុកថា «ខ្ញុំមិនទៅបោះឆ្នោតជាសិទ្ធិរបស់ខ្ញុំ បើនៅបង្ខំទៅបោះឆ្នោត ខ្ញុំនឹងគូសខ្វែងសន្លឹកឆ្នោតចោល”។ ដោយសារចំណុចនេះ ហើយទើបស្ថានការណ៍បានរុញច្រានសម្តេចត្រូវបង្ខំចិត្តវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលខាងមុខ “យើងត្រូវធ្វើការកែទម្រង់ នូវសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត »។

សម្តេចក៏បានថ្លែងឌឺដងទៅក្រុមប្រឆាំងទៀតថា បើក្រុមប្រឹក្សារូបណាចិត្តសឿង កុំទៅបោះឆ្នោត ដើម្បីឲ្យបាត់សិទ្ធិជាស្ថានពរទាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ ហើយក៏មិនអាចឈរមិនបានទាំងតំណែងព្រឹទ្ធសភា រដ្ឋសភាឆ្នាំ២០២៨។ ក្នុងនោះ សូម្បីតែតំណែងក្រុមប្រឹក្សាស្រុក-ខេត្ត ឆ្នាំ២០២៤ ក៏ឈរមិនបានដែរ ។

សម្តេចគូសបញ្ជាក់ថា «អីចឹងឥឡូវយើងយករូបមន្តតាមថៃ សម្រាប់ការបោះឆ្នោតទាំងអស់ដែលឥឡូវនេះសម្តេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធិ កំពុងធ្វើ។ តែខ្ញុំចេញសារយប់មិញ ដើម្បីវៃអ្នកឯងឲ្យចំកញ្ចប់មាត់ និងផ្តាច់ព្រ័ត្រតែម្តង។ គឺត្រង់ថា បើកអ្នកឯងមិនបានបោះឆ្នោតថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ អ្នកឯងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ តំណែងក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានីសម្រាប់សមាជិកព្រឹទ្ធសភា និងតំណែងសមាជិករដ្ឋសភានៅឆ្នាំ២០២៨»។

ទោះបីជាយ៉ាងសម្តេចនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខិតខំធ្វើកិច្ចការនេះ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័តឲ្យបានមុខពេលបោះឆ្នោតខាងមុខ។ ធ្វើបែបនេះ ដើម្បីទះកំភ្លៀងអ្នកឯងឲ្យកប់នៅជញ្ជាំងតែម្តង។ សម្តេចបានគូសបញ្ជាក់បន្ថែមថា «អីចឹងអ្នកឯងអត់បានឈរឈ្មោះមួយជីវិត ប្រាប់លោកឯងឲ្យដឹង ព្រោះលោកឯងក៏មិនបានមកបោះឆ្នោតដែរ បញ្ជីបោះឆ្នោតបានអនុម័តទាំងពីខែតុលាឆ្នាំទៅ ហើយគេពិនិត្យរួចហើយ។ អីចឹងឥឡូវចង់ចុះឈ្មោះបោះឆ្នោតក៏មិនអាចបានដែរ។«…»ពួកនេះហៅឯកឧត្តមលោកជំទាវមិនសមទេ គឺហៅពួកអាល្ងង់ មីងល្ងង់សមជាង»៕