ភ្នំពេញ ៖ ប្រធានគណបក្សភ្លើងទៀន លោកទាវ វណ្ណុល បានចេញទៅក្រៅប្រទេសដោយស្ងាត់ៗ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយមិនដឹងថា មានភារកិច្ចអ្វីត្រូវបំពេញ ព្រោះបើមើលតាមលិខិតផ្ទេរការងារ ទៅអនុប្រធានបក្សឲ្យជំនួសកិច្ចការលោក គឺមិនបានបញ្ជាក់ពីមូលហេតុ។
យោងតាមលិខិតផ្ទេរសិទ្ធិនាថ្ងៃ១១ មិថុនា ចុះហត្តលេខាដោយ លោក ទាវ វណ្ណុល គឺលោកបានផ្ទេរទៅឲ្យលោក សុក ហាច អនុប្រធាន ជាប្រធានស្តីទីគណបក្សភ្លើងទៀន ដើម្បីដឹកនាំ និងចាត់ចែងការងារគណបក្សប្រចាំថ្ងៃ ក្នុងពេលអវត្តមានលោក ចាប់តាំងពីថ្ងៃ១១ មិថុនា រហូតដល់ពេលលោកមានវត្តមាននៅកម្ពុជាវិញ។
សូមបញ្ជាក់ថា ការបាត់វត្តមានលោក ទាវ វណ្ណុល ពីកម្ពុជាដោយស្ងាត់ៗនេះ ក៏ស្របពេលដែលលោកស្រី ញ៉ែម សាវ៉ាត អ្នកចម្រៀងរបស់គណបក្សភ្លើងទៀន បានចេញវិដេអូនិយាយលាតត្រដាតរឿងអាស្រូវឃុបឃិតគ្នារវាងលោកទាវ វណ្ណុល និង លោកសម រង្ស៊ី រួមទាំងបក្ខពួក យកលុយធ្វើឯកសារដើម្បីបានសិទ្ធិទៅជ្រកកោនទៅរស់នៅបារាំង៕