សម្ដេច ហ៊ុន សែន ឲ្យកងកម្លាំងកម្ពុជាប្រុងប្រយ័ត្ន ចំពោះសន្តិសុខជាតិ ខណៈវៀតណាមកំពុងផ្ទុះហិង្សា

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំ និងបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ត្រូវប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសន្តិសុខជាតិ ខណៈមានហិង្សាកើតឡើងនៅក្នុងប្រទេសវៀតណាមដែលស្ថិតក្នុងតំបន់ជាប់ព្រំដែនកម្ពុជា ភាគឦសាន្ត។

ថ្លែងចេញពីវេទិកា ជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ នាថ្ងៃ១៣ មិថុនា សម្ដេចតេជោ មានប្រសាសន៍ថា “បញ្ហាសន្តិសុខនៅក្នុងប្រទេសវៀតណាមនោះទេ តែយើងក៏ត្រូវប្រុងប្រយ័ត្ន” ។

ក្នុងនោះសម្តេច ហ៊ុន សែន ក៏បានសម្តែងការព្រួយបារម្ភ ចំពោះហេតុការណ៍ណាមួយ ដូចជាការរត់ចូលទឹកដីកម្ពុជាជាដើមអាចបង្កបញ្ហាដល់កម្ពុជាដែលទាមទារឲ្យកងកម្លាំងរបស់កម្ពុជា ប្រុងប្រៀបនិងប្រុងប្រយ័ត្នខ្ពស់ ។

សម្តេចមានប្រសាសន៍បន្តថា “យើងអត់មានប្រហែសបានទេ រឿងសន្តិសុខជាតិ ប្រហែសមិនបានទេ” ។

សម្តេច បានលើកឡើងថា ប្រសិនបើ មានការបើកវាយប្រហារគ្នាណាមួយភ្លាមៗ នោះអាចនឹងបង្កើតបានទៅជាបញ្ហាតែម្តង ។

សម្តេច ក៏បានណែនាំ ឲ្យកងកម្លាំងរបស់កម្ពុជា រក្សាការពារសន្តិសុខជាតិឲ្យបានល្អ ដោយត្រូវធ្វើទំនាក់ទំនងជាមួយវៀតណាម មិនមែនឲ្យទៅមានជម្លោះជាមួយវៀតណាមនោះទេ។

សម្តេចមានប្រសាសន៍ទៀតថា “ទៅសហការជាមួយវៀតណាម ដើម្បីត្រួតត្រាសភាពការណ៍ នៅតាមព្រំដែនជាមួយគ្នា ព្រោះពួកប្រឆាំងនៅខាងវៀតណាម ធ្វើសកម្មភាព អាក្រក់អាក្រី រហូតដល់ស្លាប់មនុស្សយ៉ាងច្រើន” ។

យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News បានឲ្យដឹងថា បន្ទាប់ពីមានការវាយប្រហារដោយអាវុធ លើទីស្នាក់ការប៉ូលិសនៅ Central Highlands ជិតតំបន់ព្រំដែនកម្ពុជាបានបណ្តាលឲ្យមន្ត្រីប៉ូលីស៤នាក់ស្លាប់ អាជ្ញាធរវៀតណាមបានធ្វើការឃាត់ខ្លួនមនុស្ស២៦នាក់ និងរឹបអូសអាវុធជាច្រើន ។ ការវាយប្រហារនេះ បានចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ទី១១ មិថុនា ដោយខ្មាន់កាំភ្លើងបានចូលទៅក្នុងអគារនៅស្រុក Cu Kuin នៃខេត្ត Central Highlands នៃខេត្ត Đắk Lắk ហើយបានចាប់ផ្តើមការបាញ់ប្រហារតែម្តង៕