បទវិភាគ៖ តើការជួយឧបត្ថម្ភជាសាធារណៈ ដល់អ្នកលួចដែលចាប់បាន បង្ករផលវិបាកអ្វីខ្លះដល់សង្គម?

ភ្នំពេញ៖ ការបកស្រាយច្បាប់ អំពីករណីលួចទំពាំង២ដើម ដែលបង្ហាញអំពីទោសដែលល្មើសអាចជាប់ពី៣ដល់១០ឆ្នាំ ដោយសារលួចមានស្ថានទម្ងន់ទោស ដោយសារការកាត់ ឬទម្លុះរបង ក្លាយជាប្រធានបទដែលជជែកវែងញែកគ្នាខ្លាំងរវាងអ្នកដែលអាណិតអ្នកលួច និងអ្នកចង់ទាមទារឱ្យអនុវត្តច្បាប់។
លោក គី ពិសិដ្ឋ អ្នកជំនាញផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន “ខ្មែរឈានមុខ” ឬ “Khmer CM” នឹងបន្តធ្វើអត្ថាធិប្បាយ ថា តើការជួយឧបត្ថម្ភជាសាធារណៈ ដល់អ្នកលួចដែលចាប់បាន បង្ករផលវិបាកអ្វីខ្លះដល់សង្គម?

ការបកស្រាយលើកមុន ខ្ញុំពុំបានសង្កត់ធ្ងន់រឿងលួចទំពាំង២ដុំនេះទេ គឺគ្រាន់តែបង្ហាញពីច្បាប់ ហើយរឿងសម្រេចសេចក្តីបែបណា ជាសិទ្ធិរបស់តុលាការ។ តែមហាជនខ្លះយល់ច្រលំថា ហេតុអ្វីច្បាប់កំណត់ទោសធ្ងន់ម្លេះ ហើយអ្នកខ្លះលើកយកកាលានុវត្តភាពនៃការចោទប្រកាន់មកជាទឡ្ហីករណ៍ថែមទៀតផង។ តែ មហាជនភ្លេចរឿងដែលសំខាន់ គឺនគរបាលយុត្តិធម៌ ពុំមានប្រតិកម្ម ចំពោះអំពើល្មើសដែលកើតមានក្នុងសង្គម ដែលធ្វើឱ្យមហាជនពិបាកបែងចែងថា អ្វីគួរ អ្វីមិនគួរ។

ជាធម្មតា ទាំងនគរបាលយុត្តិធម៌ និងព្រះរាជអាជ្ញា អាចប្រើគោលការណ៍ កាលានុវត្តភាពនៃការចោទប្រកាន់មកប្រើ ប្រសិនបើយល់ឃើញថា បទល្មើសនោះកើតឡើងដោយចៃដន្យ ឬស្ថានភាពបង្ករលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តបទល្មើស ហើយការខូចខាងវាតិចតួចខ្លាំងពេក បើចាត់វិធានការទៅ វាមិនចំណេញដល់សង្គម។ នោះសមត្ថកិច្ច អាចលើកលែងការចោទប្រកាន់ ក៏ប៉ុន្តែត្រូវមានវិធានការណ៍ ដូចជាឃាត់ខ្លួន ឬនាំខ្លួនទៅធ្វើកំណត់ហេតុ និងសាកសួរដើម្បីរកឱ្យឃើញថា ជនសង្ស័យពិតជាពុំមានចេតនាប្រព្រឹត្តល្មើសឡើយ ហើយនឹងនឹងបង្កហានិភ័យដល់សង្គមនាពេលក្រោយដែរ។

ការណីទម្លុះរបង ហែករបង ឬការប្រើហឹង្សាតាមទម្រង់ផ្សេងទៀត ដូចជាឆ្កឹះសោរ ដើម្បីចូលទៅក្នុងដី ឬលំនៅឋ្ឋានរបស់អ្នកដទៃ គឺបទល្មើស រំលោភលើលំនៅឋាន នៃការគោរពកម្មសិទ្ធិស្របច្បាប់របស់ឯកជន ដែលការពារដោយរដ្ឋធម្មនុញ្ញក្នុងមាត្រា៥០។ បទល្មើស «រំលោភលើលំនៅឋាន» ជាប្រភេទបទល្មើសមជ្ឈិម ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ ត្រង់មាត្រា២៩៩ គឺជាអំពើប្រព្រឹត្តដោយមានហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬឧបាយកលចូលទៅក្នុងលំនៅឋានអ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ តាមនិយមន័យខាងលើនេះ មានន័យថារាល់សកម្មភាពដែលចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃ។

បន្ថែមពីនេះមាត្រា៣០០ ក៏បានកំណត់ថា ស្ថានទម្ងន់ទោសនៃការរំលោភលើលំនៅឋាន ក្នុងករណីដែលអ្នកប្រព្រឹត្ត ជាអ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃមុខងាររបស់ខ្លួន ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះទេនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ នេះមានន័យថា ច្បាប់ការពារផ្ទះសម្បែង ដីធ្លី មិនត្រឹមតែរាស្រ្តសាមញ្ញទេ សូម្បីអ្នករាជការ និងអាជ្ញាធរមានសមត្ថកិច្ច ព្រោះច្បាប់បារម្ភថាពួកគេមិនត្រឹមតែចូលទៅបំផ្លាញទ្រព្យសម្បត្តិទេ ពេលខ្លះអាចនាំយកនូវអាវុធ ឬគ្រឿងញានដាក់បង្កប់ បង្កៃដែលអាចនាំទុក្ខទោសដល់ម្ចាស់ដីម្ចាស់ផ្ទះផង។

ហេតុនេះហើយ បានជាការលួចដោយប្រើហឹង្សា គាស់ទម្លុះទម្លាយ អាចមានទោសពី៣ទៅ១០ឆ្នាំ។ ហើយជាទូទៅការលួចដោយមានស្ថានទម្ងន់ទោស ពុំអាចលើកយកគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់មកប្រើទេ។ មានន័យថា គោលការន៍នេះ ប្រើបានក្នុងករណី ផ្លែឈើ ឬទ្រព្យសម្បត្តិតិចតួច ដែលដាក់នៅទីដែលងាយស្រួលដល់អ្នកលួចដកហូតឬយកវា។ ដែលអ្នកណាក៏អាចនឹងបេះបោចផ្លែឈើ ឬយកវត្ថុនោះដែរ ហើយម្ចាស់គ្មានការខូចខាតខ្លាំងទេ ដូចជាការមិនធ្វើរបងព័ទ្ធដើមស្វាយកែរមៀតដែលមានតម្លៃថោក។ ម្ចាស់គិតថា បើចំណាយទ្រព្យការពារខាតបង់ច្រើនជាង ទុកចោល។ ហើយបើអ្នកណាបេះបោច ក៏គាត់មិនខ្វល់ដែរ។

ម្យ៉ាងវិញទៀត ប្រសិនបើម្ចាស់ដាក់ខ្សែភ្លើងឆក់ការពារសត្វមកបំផ្លាញដំណាំ ចៃដន្យមានចោរកាត់របងចូលប៉ះខ្សែភ្លើងឆក់ស្លាប់ គឺម្ចាស់ផ្ទះមានទោស។ ឬបើចោរចូលមកវ៉ាក់អើគ្នាកណ្តាលអាធ្រាត គឺត្រូវការពាររៀងៗខ្លួន ដែលអាចតបតបណ្តាលឱ្យមានរបួស ឬស្លាប់។ វាសុទ្ធតែកើតមកពីរឿងតូចតាច។

បើយើងមើលពីព្យសនកម្មនេះ ឃើញថាវាតិចតួចខ្លាំងណាស់ ដែលមិនគួរចាប់ទោសអូសដំណើរគ្នាទេ។ ព្រោះខ្មែរស្រលាញ់ខ្មែរ។ តែមហាជន ពុំបានដឹងពីព្យសនកម្មធំធេងដែលអាចកើតឡើងនៅពីក្រោយចោរកម្មដែលរតិចតួចនេះនោះទេ។ បន្ថែមពីលើរឿងនេះ ក៏លេចចេញនូវទឹកចិត្តអាណិតអាសូរដល់ចោរ នាំគ្នាគៀគរជួយផ្តល់អំណោយ និងប្រាក់កាសដល់ចោរទៀតផង។ ដែលទង្វើនេះ ខុសឆ្គងខ្លាំងណាស់។

សម្បុរសជន បើជាមនុស្សធម្មតា ទោះបីជាខុស នៅអាចសម្រាលទោសបានខ្លះ ព្រោះជាចេតនាល្អបរិសុទ្ធដោយសារឆោតល្ងង់ មិនយល់ពីច្បាប់។ តែបើជាបុគ្គលសាធារណៈ ឬក្រុមហ៊ុន ឬម្ចាស់ផលិតផល ឬសូម្បីតែព្រះសង្ឃ ដែលជួយជាសាធារណៈ ដូចជាការថតផុសតាមបណ្តាញសង្គម ជាអំពើគ្រោះថ្នាក់ដល់សង្គមយ៉ាងធ្ងន់ក្រៃលែង ព្រោះមានចេតនាកេងចំណេញលើស្ថានភាពផលប្រយោជន៍សមូហភាព និងញុះញង់ឱ្យប្រព្រឹត្តិបទល្មើសជាអាទិ។

ទម្រង់នៃការញុះញង់ឲ្យប្រព្រឹត្តបទល្មើសមានជាអាទិ ការញុះញង់ដោយផ្ទាល់ តាមការប្រើពាក្យសម្ដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅតាមកន្លែងទីសាធារណៈ ឬពេលមានប្រជុំសាធារណៈ ឲ្យអ្នកដទៃប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឬឲ្យមានការរើសអើង ការគុំគួន ឬអំពើហឹង្សា។ ការញុះញង់ដោយផ្ទាល់ ដោយការប្រើប្រាស់គ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ ដើម្បីចាក់ផ្សាយតាមស្ថានីទូរទស្សន៍ ឬតាមរយៈវិទ្យុជាសាធារណៈជាអាទិ៍ សម្រាប់សាធារណៈជន ឲ្យអ្នកដទៃប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

នៅកម្ពុជា ក៏មានច្បាប់ស្តីពីការលាងសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម កាលពីឆ្នាំ២០២០ដែរ ដែលហាមឃាត់ការផ្តល់ប្រាក់ ឬការគាំទ្រដល់អំពើចោរកម្ម។ ដូច្នេះការផ្តល់អំណោយ ឬសាច់ប្រាក់ ដល់ចោរគឺវាខុសខ្លាំងណាស់ទោះបីផ្តល់ជាសម្ងាត់ ឬជាចំហរក្តី នេះនៅមិនទាន់គិតពីចេតនាកេងចំណេញពីព្រឹត្តិការណ៍សង្គមផង។ ក្រុមហ៊ុនបែបនេះ ត្រូវព្យួរអាជ្ញាបណ្ណជាបណ្តោះអាសន្ន ឬដកហូតអាជ្ញាបណ្ណអស់មយយជីវិត។ បើជាបុគ្គលសាធារណៈ ឬសិល្បករ ត្រូវហាមឃាត់ការបង្ហាញខ្លួនជាសាធារណៈបណ្តោះអាសន្ន ឬមួយជីវិត។

វិធានការទាំងអស់នេះ គឺជាវិធានការចំពោះជនដែលបានប្រព្រឹត្តដោយផ្ទាល់។ ហើយនៅថ្ងៃខាងមុខ អាចនឹងមានកំណើននៃអំពើចោរកម្ម ឬក្រុមអ្នកផលិតមាតិការ ឬវីដេអូ ដែលបំពុលសង្គម តាមរយៈ វីដេអូPrang (វីដេអូបញ្ឆោត) ឬសកម្មភាពលួចបញ្ឆោត បើគេតាមទាន់ ហើយបើគេតាមមិនទាន់ គឺលួចមែនទែន។

រដ្ឋបានចំណាយប្រាក់លើគ្រូបង្រៀនជាង១០ម៉ឺននាក់ នៅសាលាចំណេះទូទៅ និងរាប់ម៉ឺននាក់ទៀតនៅកម្រិតឧត្តមសិក្សា បង្រៀនសិស្សរាប់លាននាក់ កុំឱ្យលួច។ តែបុគ្គលខ្លះនៅក្នុងសង្គម បែរជាជូនអំណោយដល់ចោរ ដោយបើកចំហរជាសាធារណៈ និងផ្សព្វផ្សាយជាសាធារណៈទៅវិញ ដើម្បីអួតនូវមេត្តាធម៌ក្នុងខ្លួន និងផ្សព្វផ្សាយលផិតផលទំនិញរបស់ខ្លួន ដើម្បីបានចំណេញប្រាក់ និងកេរ្តិ៍ឈ្មោះស្លាកយីហោតិចតួច បែរជាបំផ្លាញសង្គមជាតិយ៉ាងធំធេញទៅវិញ ប្រៀបបីដូចជាការដុតជង្រុកស្រូវ ដើម្បីតែចម្អិនពងមាន់មួយគ្រាន់តែប៉ុណ្ណោះ។ សួរថាតើប្រាក់ចំណាយលើការអប់រំ និងការផ្សព្វផ្សាយច្បាប់ អស់រាប់សិបលានដុល្លាក្នុងមួយឆ្នាំៗអ្នកណាទទួលខុសត្រូវ?

បើអាណិតអ្នកក្រ ដែលក្លាយជាចោរដោយអចេតនា សូមទៅជួយស្ងាត់ៗចុះ។ ទោះបីជាខុសច្បាប់ ក៏វាមិនប៉ះពាល់ មិនជម្រុញ ទឹកចិត្តដល់អ្នកដែលប៉ុនប៉ងចង់លួចផ្សេងទៀតដែរ។ បើទោះបីជាមិនបានជួយដល់សង្គម ក៏ពុំបានបង្ករភាពវឹកវរដល់សង្គមដែរ។

សូមបងប្អូនយល់ពីច្បាប់ ដើម្បីសេចក្តីថ្លៃថ្នូររបស់ខ្លួន រក្សាសណ្តាប់ធ្នាប់សង្គម និងការមិនចូលរួមបង្ករភាពវឹកវរដល់សង្គម។