សម្តេច ហ៊ុន សែន លើកទឹកចិត្តឱ្យរឹបអូសផ្ទះក្រុមប្រឆាំងដែលមិនបានបង់ប្រាក់

កណ្តាល៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានប្រកាសលើកទឹកចិត្តអោយមានការរឹបអូសផ្ទះសម្បែងក្រុមប្រឆាំងណាក៏ដោយដែលធ្វើតាមនយោបាយ អាក្រក់របស់ជនក្បត់ជាតិ ៣ជំនាន់ មានចេតនាមិនបង់ប្រាក់ទៅម្ចាស់បុរី។

ការប្រកាសរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃទី១០ ខែមិថុនានេះ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បញ្ជាក់បន្ថែមពាក់ព័ន្ធទៅនឹងការសុំឱ្យម្ចាស់បុរីទាំងអស់មានការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ដែលមានភាពយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះ។ តែចំពោះក្រុមប្រឆាំង ដែលធ្វើតាមការញុះញុងរបស់មេបក្សប្រឆាំង រឹតតែត្រូវរឹបអូស បើសិនជាករណីម្ចាស់ផ្ទះមិនបានបង់ថ្លែផ្ទះ។

ត្រង់ចំណុចនេះ សម្តេច ហ៊ុន សែនថា ការធ្វើដូច្នេះ មិនមែនជាការរើសអើងពលរដ្ឋនោះទេ ប៉ុន្តែ វាជាឆ្លើយតបទៅនឹងទង្វើអាក្រក់របស់មេដឹកនាំប្រឆាំង។

បើតាមសម្តេច ហ៊ុន សែន តាមរយៈសសាររបស់សម្តេច នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅឯខេត្តកំពង់ឆ្នាំកាលពីម្សិលមិញ ម្ចាស់បុរីមួយចំនួន បានទម្លាក់ស្លាករឹបអូសផ្ទះហើយ ដោយងាកមករកដំណោះស្រាយសមស្របណាមួយ ៕