បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូទៅបុកគូទរថយន្តធុនធំដែលចតចោល

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូហុងដាស្កុបពីមួយគ្រឿង ជ្រុលបុកគូទរថយន្តធុនធំ ដែលចតលើដងផ្លូវមិនដាក់ស្លាកសញ្ញាស្គាល់ឲ្យបានត្រឹមត្រូវ កាលពីវេលាម៉ោង ៩និង១០យប់ ថ្ងៃទី ៩ ខែមិថុនាឆ្នាំ ២០២៣ នៅតាមបណ្តោយយផ្លូវបេតុង ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់ សមត្ថកិច្ច សពជនរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ ហេង គឹម ហ៊ុន អាយុ ៣៣ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនមួយកន្លែងនៅរាជធានីភ្នំពេញ មានស្រុកកំណើត ភូមិខ្យង ឃុំខ្យង ស្រុកជ័យសែនខេត្តព្រះវិហារ។ មុនកើតហេតុគេឃើញរថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ប្រផេះក្បាលរថយន្តពាក់ស្លាកលេខត្បូងឃ្មុំ3A-2239ចំណែកកន្ទុយរឺម៉ករថយន្តពាក់ស្លាកលេខត្បូងឃ្មុំ 3A-1682 ចតលើដងផ្លូវនៅចំណុចទីតាំងកើតហេតុខាងលើ ក្នុងទិសដៅកើតលិច ដោយមិនបានដាក់ស្លាកសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវនោះទេ។

លុះដល់ម៉ោងកើតហេតុខាងលើ ក៍មានម៉ូតូហុងដាស្កុបពីពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1KC-2577ជិះដោយបុរសម្នាក់ ធ្វើដំណើរទិសដៅពីលិចទៅកើត ជ្រុលទៅបុកពីក្រោយរថយន្តធុនធំពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបោកក្បាលនិងទ្រុងរថយន្តបែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕