លោក ឯម រៀម សុំទោសក្រសួងវប្បធម៌ រឿង បង្ហោះរូបភាពធ្វើឱ្យប៉ះពាល់ប្រពៃណី និងសង្គម

ភ្នំពេញ៖ លោក ឯម រៀម ត្រូវបានគេស្គាល់ថា ជាអ្នកច្នៃមូដដ៏លេចធ្លោរមួយរូបរបស់កម្ពុជា បានសុំទោសក្រុមប្រឹក្សាវិន័យ និងលើកសសើរ នៃសីល្បៈ របស់ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ពាក់ព័ន្ធនឹងករណីបង្ហោះរូបភាពដែលធ្វើ ឱ្យប៉ះពាល់ដល់ប្រពៃណីខ្មែរនិង សង្គម ។

ការចេញមុខសុំទោស របស់លោក ឯម រៀមនេះធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាវិន័យ និងលើកសសើរ នៃអ្នកសិល្បៈស្នើឱ្យលោក ឯម រៀម លុបចេញនូវរូបដែលបានផុសយនៅលើបណ្តាញសង្គមរបស់ខ្លួន និងបើមិនលុបចេញទេ នឹងត្រូវអនុវត្តទៅតាមច្បាប់ជាធរមាន។

ក្រោយទទួលបានការស្នើសុំនេះ លោក ឯម រៀម បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី៩ ខេមិថុនានេះថា “សូមគោរពនិងទទួលបាន ហើយខ្ញុំបាទ EM RIEM បានលុបចោលហើយ។ តាមពិតជារូបភាពដែល Edit តាម App ឈ្មោះថា ToonMe ហើយខ្ញុំបាទផុសក្នុង Story FB គ្រាន់តែចង់ចែករំលែកពី App សម្រាប់ Edit រូបភាព before និង after ដែលមានបងប្អូនជាច្រើនចង់បានរាងរបស់គាត់ទៅជាមានសាច់ដុំធំៗ ដោយមិនមានចេត្តនាអ្វីទេ”។

លោកបន្តថា “ ដូចនេះហើយសូមអភយ័ទោស និងសូមទោស ចំពោះកំហុសឆ្គងនៃការចែករំលែករូបភាពនេះ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់កម្ពុជា”៕