ពីខេត្តក្រចេះនៅព្រឹកថ្ងៃទី៧ កុម្ភៈនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលសម្តេចបានកំណត់គោលដៅបង្កើតឱ្យមានប៉ូលសេដ្ឋកិច្ចចំនួនបួន បន្ទាប់ពីប៉ូលសេដ្ឋកិច្ចចំនួនបីចេញជារូបរាងហើយនោះរួមមាន៖ ទី១.រាជធានីភ្នំពេញ, ទី២.ខេត្តព្រះសីហនុ,ទី៣.ខេត្តសៀមរាប និង៤.ប៉ូលសេដ្ឋកិច្ចនៅភូមិភាគឦសានកម្ពុជា។
សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ប៉ូលសេដ្ឋកិច្ចទីបួននៅភូមិភាគឦសាននេះ គឺជាពាក់ព័ន្ធនឹងកសិឧស្សាហកម្ម និងធនធានរ៉ែ។ សម្តេច ថា ដូច្នេះហើយបានជាសម្តេចដាក់សំណើឱ្យមានការតភ្ជាប់ហេដ្ឋារចនាសម្ពន្ធផ្លូវពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែងជាជំហានបឋម ហើយជំនួយរបស់ប្រទេសចិនក៏បានជួយនៅពេលនោះដែរ។
សូមរម្លឹកជូនថា កាលពីពេលកន្លងទៅនេះ សម្តេចនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងថា ប៉ូលសេដ្ឋកិច្ចទី៤ នៅភាគឦសាន មានន័យថា ក្បាលនាគកំរើកនៅខេត្តព្រះសីហនុ ទ្រូងនាគ ឬជើងមុខកំរើកនៅរាជធានីភ្នំពេញ ពោះនាគ ឬជើងក្រោយកំរើកនៅខេត្តសៀមរាប និងបន្តិចទៀតកន្ទុយនាគកំរើកនៅខេត្តភាគឦសាន។ ប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគឦសាន នេះគឺគ្របដណ្តប់នៅក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងខេត្តព្រះវិហារ៕