លោក កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា លើកដំបូង ស្តីពី “ការបង្ហាញសមាសភាពនៃក្រុមប្រឹក្សាភិបាល និងរចនាសម្ព័ន្ធដឹកនាំ និងពិភាក្សាអំពីមុខងារ ភារកិច្ច និងចក្ខុវិស័យរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា”។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ក៏មានការអញ្ជើញចូលរួមពីសំណាក់ ជាអនុប្រធាន និងសមាជិក នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការមួយចំនួន នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាដោយផ្តោតសំខាន់ទៅលើការងារអាទិភាពមួយចំនួនជាអាទិ៍៖របាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានាដើមឆ្នាំ២០២៣ ការប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា អាណត្តិទី១ ឆ្នាំ២០២៣-២០២៨ ការបង្ហាញសមាសភាពថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ការពិភាក្សាអំពីមុខងារ ភារកិច្ច និងចក្ខុវិស័យរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និង ការត្រៀមលក្ខណៈសម្បត្តិក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូន សិស្សចៅក្រមនិងព្រះរាជអាជ្ញា សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលនឹងត្រូវរៀបចំឡើងក្រោមអធិបតីភាព របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា និងសម្តេច ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នាថ្ងៃស្អែកនេះ។

គូសបញ្ជាក់ផងដែរថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលសរសេរអក្សរកាត់ថា “ប.ភ.យ.ក.” ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈស្ថិតក្រោមការគ្រប់គ្រងក្រសួងយុត្តិធម៌ ដែលត្រូវបានរៀបចំកែសម្រួលពីរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៥២០ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងធានា និងលើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ វិជ្ជាជីវៈច្បាប់ និងជំនាញផ្សេងទៀតក្នុងវិស័យច្បាប់ និងយុត្តិធម៌ ព្រមទាំងពង្រឹងការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា។ ប.ភ.យ.ក. មានរចនាសម្ព័ន្ធចំណុះចំនួន ៦រួមមាន៖ សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា, សាលាភូមិន្ទអាជ្ញាសាលា, សាលាភូមិន្ទក្រឡាបញ្ជី, សាលាភូមិន្ទសារការី, សាលាច្បាប់, និងអគ្គលេខាធិការដ្ឋាន។ ទន្ទឹមនេះ, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក៏ស្ថិតនៅក្រោមការគ្រប់គ្រង និងការទទួលខុសត្រូវផ្នែករដ្ឋបាលដោយ ប.ភ.យ.ក. ផងដែរ៕