ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីការសង្រ្គោះជីវិតកុមារីម្នាក់អាយុ ៥ឆ្នាំ មកពីភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ក្រោយកុមារជំងឺគ្រុនឈាមបានធ្វើឲ្យលាមកមានឈាមខ្មៅ បាត់ជីពចររហូតទៅដល់៧ដង អមដោយគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះ។ នេះបើតាមផេក មូលនិធិគន្ធបុប្ផាកម្ពុជា ផ្សាយនាថ្ងៃ៥ មិថុនា ។
បើតាមប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីកុមារីខាងលើមានអាការៈគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះ រយៈពេល៤ថ្ងៃ និងបានព្យាបាលនៅមណ្ឌលសុខភាពដោយបានចាក់ថ្នាំ និងដាក់សេរ៉ូមអស់៥ប្លោកមិនធូរស្បើយហើយមានអាការសន្លឹម ម្តាយក៏សម្រេចចិត្តបញ្ជូនកូនមកព្យាបាលបន្តនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣។
ពេលមកដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកុមារីរូបនេះ មានសភាពធ្ងន់ធ្ងរសន្លឹម បត់ជើងធំមានឈាម បាត់ជីពចររហូតដល់៧ដង និងបានជួយសង្គ្រោះដោយប្រើសេរ៉ូម ដាក់អុកស៊ីសែន បញ្ចូលឈាម២ប្លោកនិងប្លាស្មា១០ប្លោក និងពិនិត្យតាមដានដោយយកចិត្តទុកដាក់រយៈពេល១០ថ្ងៃឃើញថា ក្មេងបានធូរសះស្បើយ និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។
ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានលើកឡើងពីការបរិច្ចាគរបស់លោកអ្នក គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងប្រតិបត្តិ្កការសង្រ្គោះជីវិតកុមារគ្រប់រូបនៅមន្ទីរពេទ្យគន្ធបុប្ផា។
ដើម្បីចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១ មិថុនា” ឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផាកម្ពុជា បានចេញយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដោយត្រឹមតែ១ថ្ងៃបន្ទាប់ពីការប្រកាសបើកការបរិច្ចាគ បានទទួលថវិកាពីសប្បុរសជននានាចំនួន៥២ម៉ឺនដុល្លារ ។ ទន្ទឹមនឹងនេះដែរ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកា១លានដុល្លារដល់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ ៕