សម្តេច ហ៊ុន សែន ថា បទចម្រៀង “មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧” របស់ មាស សុខសោភា អាចជឿតាបស់នៅព្រះវិហារ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យសាធារណជននានាបញ្ឈប់ ប្រតិកម្មជុំវិញបទចម្រៀង “មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧” ។ បន្ថែមពីលើការស្នើនេះ សម្តេចថា អាចមកពីមាស សុខសោភាជឿទៅលើការយល់សប្តិរបស់តាបស់ម្នាក់នៅខាងព្រះវិហារ។ បទចម្រៀងនេះ ទាំងនិពន្ធនិងច្រៀងដោយអ្នកនាងមាស សុខ សោភា ។ ក្រោយចម្រៀងចេញមិនបានមួយថ្ងៃស្រួលបួលផងនាថ្ងៃ៤ មិថុនា ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើឲ្យលុបចោលភ្លាមៗ ។

បន្ទាប់ពីក្រសួងស្នើឲ្យលុបចោល សម្តេចវិញក៏បានចេញបញ្ជាឲ្យចេញជាបន្ទាន់ផងដែរ ។ ចំពោះ ការស្នើឲ្យចោលភ្លាមៗពីក្រសួងដែលជាអាណាព្យាបាលក្នុងការគ្រប់គ្រងផ្នែកសិល្បៈ ព្រមទាំងថ្នាក់ដឹក នាំកំពូល ដោយសារបទចម្រៀងនេះ និពន្ធចេញមកមិនដឹងពីប្រវត្តិសាស្រ្តគ្រប់ជ្រុងជ្រោយ ។ ដោយសារទទួលបានបទបញ្ជាផ្ទួនៗពីសំណាក់ថ្នាក់ដឹកនាំហើយ អ្នកនាង មាស សុខសោភា ក៏បានសុំទោសទទួលស្គាល់កំហុស និងលុបចេញពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងយូធូបផងដែរ ។

ដោយសារតែឃើញម្ចាស់បទព្រមទទួលស្គាល់នូវរាល់កំហុសទាំងអស់នេះ ដើម្បីកុំឲ្យមានរឿងវែង ឆ្ងាយតទៅទៀត សម្តេច ក្នុងឱកាសចុះចែកសញ្ញាបត្រដល់និស្សិតមួយក្រុមនាព្រឹកថ្ងៃ៥ មិថុនា បានគូសបញ្ជាក់បន្ថែមពីលើសារសម្តេចចេញក្នុងតេឡេក្រាមនារាត្រីថ្ងៃ៤ មិថុនាថា បទចម្រៀង “មរណ ភាពព្រះស្វាមី ជ័យវរ្ម័នទី៧” សាធារណជននានាគួរត្រូវបានបញ្ឈប់ការបញ្ចេញប្រតិកម្ម ព្រោះ ម្ចាស់បទហើយជាអ្នកនិពន្ធដែរនោះ គ្នាបានចេញមកសុំទោសនូវរាល់កំហុសឆ្គងទាំងអស់ហើយ ។

ជាមួយនឹងការចេញមកសុំទោសរបស់មាស សុខសោភាសម្តេចតេជោ ក៏បានផ្ញើសារអរគុណទៅដល់ មាស សុខសោភាផងដែរ ។ ដោយសម្តេចថា “សូមឲ្យអ្នកលេងបណ្តាញសង្គមបញ្ឈប់ភ្លាមព្រោះបើមិន ចឹងវាទៅ ជារឿងរុញឲ្យខ្លោច រោយឲ្យឆៅ”។

សម្តេចថា ក្រោយមានការបញ្ចេញប្រតិកម្មហើយ សម្តេចក៏បានឃើញបណ្តាញសង្គមហ្វេសប៊ុកមួយ ស្នើឲ្យមានវិធានការណ៍ទៅតាមផ្លូវច្បាប់ដល់អ្នកនាងមាស សុខសោភា។

ត្រង់ចំណុចនេះ សម្តេចតបថា “ខ្ញុំសូមអង្វរក គ្នាបានជាជ្រុលជ្រោះទៅហើយ ហើយគ្នាក៏បានសុំទោស ។ គ្នាក៏បានដកចេញ ។ ឥឡូវតើចាំបាច់ត្រូវធ្វើរឿងហ្នឹងឲ្យវាទៅបន្ថែមទៀត? ។ កុំរុញឲ្យខ្លោច រោយឲ្យឆៅ ព្រោះគ្នាបានទទួលស្គាល់ហើយ ប្រហែលជាគាត់ជឿតាបស់ ។ តាបស់សក់សណាមួយនៅព្រះវិហារ ។ មើលទៅសួរតាបស់ហ្នឹងមើល យល់សប្តិឃើញអី បានជាត្រូវការចម្រៀង និពន្ធរឿងនេះឡើង ។ ចេញចំណងជើងមើលវាខុសតែម្តង (មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧) បើនិយាយពីព្រះមហាក្សត្រយើងត្រូវប្រើរាជស័ព្ទ មិនអាចប្រើពាក្យមរណភាពទេ (គឺសោយទីវង្គត)” ។

សម្តេចបានហៅអ្នកនិពន្ធនិងជំនួយការរបស់អ្នកនាង មាស សុខសោភា ថា មានប្រាជ្ញាខ្សោយ ចំពោះការតែងនិពន្ធបទចម្រៀងនេះឡើង ព្រោះបទនេះគ្មានឯកសារយោងអ្វីសោះ ។

បន្ថែមពីលើទៀតសម្តេចថា “អ្វីខ្ញុំសូមត្រឡប់មកវិញគឺបងប្អូនទាំងអស់ បញ្ឈប់តែប៉ុន្នឹងទៅ ។ ប្រតិកម្មនានាគួរត្រូវបានបញ្ឈប់ត្រឹមហ្នឹង ហើយមិនគួរបន្តដំណើររឿងនេះទេ ទាំងផ្លូវច្បាប់”។

សម្តេចតេជោក៏បានស្នើអ្នកដោនឡូតបទនេះទុកទាំងប៉ុន្មាន ធ្វើយ៉ាងណាកុំយកទៅចាក់ផ្សាយបន្ត។

បើតាមការអះអាងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការផលិតបទចម្រៀង “មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧” ពុំមានភស្តុតាងពិតប្រាកដ ដែលជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។ ក្រសួងអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ដែលចង់បង្កើត និងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្រ្តជាតិ ត្រូវធ្វើការសិក្សាស្រាវជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ផូរផង់របស់ជាតិ៕