សម្ដេច ហ៊ុន សែន បញ្ជាក់ជាថ្មីថា មិនយកEBA ទៅដោះដូរជំនួយ

ភ្នំពេញ ៖ ជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBA សម្ដេច ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា សម្ដេចនឹងមិនយកអធិបតេយ្យភាពរបស់កម្ពុជាទៅដោះដូរជាមួយជំនួយ និងការអនុគ្រោះនោះឡើយ។

ក្នុងជំនួបជាមួយកម្មករនៅខេត្តកំពង់ស្ពឺ នាថ្ងៃ៤ មិថុនា សម្ដេចរំលឹកពីការធ្លាប់ហាមប្រាមជាដាច់ខាត ដល់មន្រ្តីរបស់កម្ពុជាដែលអមដំណើរសម្ដេចទៅចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុបកុំហារមាត់សុំមកវិញនូវប្រព័ន្ធអនុគ្រោះពន្ធEBAដែលសហភាពអឺរ៉ុបបានផ្ដាច់ពីកម្ពុជា។

សម្ដេចសង្កត់ធ្ងន់ថា «ពេលដែលទៅប្រជុំនៅអឺរ៉ុបក្នុងឋានៈជាប្រធានអាស៊ាន ហើយត្រូវធ្វើជាសហប្រធានក្នុងការប្រជុំជាមួយអឺរ៉ុប ខ្ញុំហាមឃាត់រដ្ឋមន្រ្តីទាំងអស់ដែលអមដំណើរខ្ញុំកុំហារមាត់សុំត្រឡប់មកវិញនូវ២០%នៃEBA ព្រោះខ្ញុំចង់ដឹងភាពធន់របស់កម្ពុជាដល់ណាដែរ ដើម្បីយើងពង្រឹងសមត្ថភាពខ្លួនឯង កុំរង់ចាំដកអ៊ុកស៊ីសែនដែលគេបន្តក់ខ្យល់មកឲ្យយើង»។

សម្ដេចនាយករដ្ឋមន្រ្តីបានលើកឡើងថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBAមិនធ្វើឲ្យប៉ះពាល់ដល់ច្រវាក់ផលិតកម្ម និងការនាំចេញរបស់កម្ពុជាទៅប្រទេសនោះឡើយខណៈកម្ពុជានឹងបាត់បង់EBAដោយស្វ័យប្រវត្តិនៅពេលដែលប្រទេសបានឈានដល់កម្រិតអភិវឌ្ឍន៍និងចាកចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួចនៅអំឡុងឆ្នាំ២០២៧។

សម្ដេចតបញ្ជាក់ថា«ខ្ញុំបានប្រកាសតាំងពីពេលមុនថា ខ្ញុំមិនយកអធិបតេយ្យភាពរបស់ខ្ញុំ ទៅដោះដូរជាមួយជំនួយ និងការអនុគ្រោះណាទាំងអស់។ឥឡូវលើការជាក់ស្ដែងតើកម្ពុជាបានងាប់ហើយឬនៅ»៕