ថៅកែក្រុមហ៊ុនឌុកទ័រហ្វូនដាក់ពាក្យប្តឹងស្រ្តីឈ្មោះ អ៊ុត ម៉ារី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង

ភ្នំពេញ៖ ថៅកែក្រុមហ៊ុនឌុកទ័រហ្វូន លោក ឡុង ឆ័យណាវ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានដាក់ពាក្យបណ្តឹងចូលបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំប្តឹងស្រីឈ្មោះ អ៊ុត ម៉ារី អាយុ៣៦ឆ្នាំ រស់នៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។

យោងតាមខ្លឹមសារនៃពាក្យបណ្តឹង លោក ឡុង ឆ័យណាវ បានសរសេរថា «កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មានអាខោន Facebook ឈ្មោះ Mary Ka ដែលជាអាខោនរបស់ឈ្មោះ អ៊ុត ម៉ារី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានបង្ហោះបរិហាកេរ្តិ៍ ដល់រូបខ្ញុំបាទដែលមានខ្លឹមសារថា៖(ថ្ងៃមុនទៅប៉ោយប៉ែតប្តឹងប៉ូលិសទេសចរណ៍រឿងបោកលុយខ្ញុំ 35000$ ស្រាប់តែមានអ្នកចេញមុខតាំងនាមជាកូនថ្នាក់ដឹកនាំធំ នាងផាត នឹងជាជំនួយការកូនថ្នាក់ដឹកនាំធំទី1ម្នាក់ទៀត មកគំរាមខ្ញុំអោយដកពាក្យបណ្តឹងព្រោះគេទទួលការពឹងពាក់អោយជួយសម្រួលដាច់ខាតអោយខ្ញុំដកពាក្យបណ្តឹងជាបន្ទាន់ ស្តាប់លឺហើយខ្ញុំភ័យញ័រជើងហ្មង សូមជម្រាបជូនអស់លោកជ្រាប បើមិនទាន់សងលុយខ្ញុំទេកុំសង្ឃឹមថាខ្ញុំបញ្ចប់រឿងហើយដកពាក្យបណ្តឹងអី ត្រឹមជាស្រីម៉េម៉ាយម្នាក់គ្មានខ្នងបង្អែកគ្មានខ្សែអ្នកធំចាំជួយដូចអ្នកទតែខ្ញុំត្រូវប្តឹងទាមទាររកខុសត្រូវសរខ្មៅអោយខ្លួនឯងបានយុត្តិធម៌វិញ ខ្ញុំមិនធ្លាប់ខ្លាចអំណាចប៊ុនស័ក្កអ្នកណាទេបើខ្ញុំមិនខុស…សង្ឃឹមថាថ្នាក់ដឹកនាំធ្វើខ្លួនជាគំរូល្អកុំកាន់ជើងកូនចៅខូចដែលនៅក្រោមឱវាទរបស់
ខ្លួន។ល។)»។

«ខ្លឹមសារខាងលើនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះបុគ្គលខាងលើនេះមានចេតនាញុះញុងអោយមានការប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈឹម ដែលធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមមានការយល់ច្រឡំមកលើរូបខ្ញុំ។ ដោយឡែក ចំពោះខ្លឹមសារនៃការបង្ហោះហ្វេសប៊ុករបស់ឈ្មោះ អ៊ុត ម៉ារី ដែលមានអខោនហ្វេសប៊ុក Mary Ka មានខ្លឹមសារថា៖ រូបខ្ញុំបានគម្រាមគាត់ឲ្យធ្វើការសម្របសម្រួលនិងដកពាក្យបណ្តឹងរឿងប្រាក់៣៥,០០០ដុល្លារ ដែលគាត់បានប្តឹងទៅលើបុគ្គលផ្សេងក្នុងរឿងអ្វីមួយនោះ ខ្ញុំសូមបដិសេដទាំងស្រុងថា៖ ខ្ញុំពុំដែលមានទំនាក់ទំនង ធ្លាប់ស្គាល់បុគ្គលដែលឈ្មោះ អ៊ុត ម៉ារី បានប្តឹងឡើយ»។ នេះបើតាមពាក្យបណ្តឹងរបស់លោក ឡុង ឆ័យណាវ។

បើតាមការបញ្ជាក់របស់លោក ឡុង ឆ័យណាវ ប្រាប់បណ្តាញសារព័ត៌មានខ្មែរឈានមុខនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ឱ្យដឹងថា ដើមចមដែលស្រ្តីឈ្មោះ អ៊ុត ម៉ារី ប្រព្រឹត្តិនៅសកម្មភាពខាងលើនេះដែលធ្វើឱ្យប៉ះពាល់ដល់កិក្តិយសរូបលោក ក្រុមគ្រួសារ ជាពិសេសថ្នាក់ដឹកនាំនោះ គឺដោយសារតែកាលពីកន្លងទៅលោកបានទំនាក់ទំនងសួរនាំស្រ្តីរូបនេះពាក់ព័ន្ធនឹងការដកលិខិតឆ្លងដែនជនជាតិចិនដែលជាមិត្តភក្តិរបស់លោកដែលស្រ្តីរូបនេះបានដកយកទៅដើម្បីយកទៅរត់ការធ្វើលិខិតស្នាមផ្សេងៗ ស្រាប់តែស្រ្តីរូបនេះបានយករូបថតលោករួមជាមួយរូបថតថ្នាក់ដឹកនាំទៅបរិហាកេរ្តិ៍នឹងចោទប្រកាន់ថា គំរាមកំហែងទៅដកពាក្យបណ្តឹងទៅលើករណីជំពាក់លុយ៣៥,០០០ដុល្លារអាមេរិកទៅវិញ ខណៈដែលរូបលោកមិនដឹងអ្វីទាំងអស់។

ជុំវិញបញ្ហានេះដែរសារព័ត៌មានខ្មែរឈានមុខមិនទាន់អាចសុំការបកស្រាយពីស្រ្តីឈ្មោះ អ៊ុត ម៉ារី នេះបាននៅឡើយនោះទេ។

ក្រោយពីបានទទួលពាក្យបណ្តឹងរបស់លោក ឡុង ឆ័យណាវនេះ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានស្នើសុំគោលការណ៍ពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំឱ្យចេញដីកាបញ្ជាឱ្យចូលខ្លួនលើឈ្មោះ អ៊ុត ម៉ារី អាយុ៣៣ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ, បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបទញុះញង់ឱ្យមានការរើសអើង។

អ្វីដែលកាន់តែហួសចិត្តបន្ថែមនោះស្រ្តីរូបនេះ បានសរសេរថា«ស្អែកទៅភ្នំពេញដើម្បីស្នើរសុំលិខិតអនុញ្ញាតពីតាសរខេងក្នុងការនាំអ្នកកាសែតចូលឡាយមុខប៉ុស្តិ៍ជាងវៀងលោកស័ក្កប្រើអំណាចមេរង់បិទក្រុមអ្នកកាសែតខ្ញុំមិនអោយចូលផ្សាយ»។ ស្រ្តីរូបនេះសរសេរបន្តថា «ខ្ញុំទទួលបានជាជួយពីលោកជំទាវញ៉ែមមរតកប្រធានសមាគមន៍ជួយស្រ្តីមានវិបត្តិហើយនៅឡើយតែលិខិតអនុញ្ញាត្តិពីមេធំសរខេងចឹងខ្ញុំត្រូវទៅជួបគេសិន»។

«បងជឿទេបើខ្ញុំដាក់ចិត្តថាធ្វើវិញស្រ៊ាន់មិនអាចរក្សាដំណែងជាប៉ូលីសជាប់ផង ខ្លួនច្បាស់ត្រូវជាប់គុកគ្មានដឹងថ្ងៃចេញច្បាស់លាស់ព្រោះលុយដែលគាត់បោកខ្ញុំយកទៅជិត៣លានដុល្លានោះមានលុយពូទាបាញ់១៥០ម៉ឺនផង»។ នេះបើយោងតាមសារឆ្លងឆ្លើយដែលស្រ្តីខាងលើនេះបានសរសេរ៕