ភ្នំពេញ៖ បន្ទាប់ពីបានជជែកពិភាក្សាគ្នាទៅលើគន្ធី និងមាត្រានីមួយៗ រដ្ឋសភាកម្ពុជាបានអនុម័តលើ សេចក្តីព្រាងច្បាប់ចំនួន ២ គឺ សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទ ។
ការអនុម័តនេះ ធ្វើឡើងក្នុងពេលរដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១០០រូប។
រដ្ឋសភាកម្ពុជាបញ្ជាក់ថា សម័យប្រជុំលើកទី៩ នីតិកាលទី៦ បានធ្វើការពិភាក្សា និងអនុម័តរបៀបវារៈចំនួន២ គឺ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។
បើតាមរដ្ឋសភាកម្ពុជា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍សំខាន់ៗ គឺលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។ សេចក្តីព្រាងក្រមនេះ នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន ការដោះស្រាយបញ្ហាដែលមានដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។
ប្រភពដដែលនេះបន្តថា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ មាន ១២គន្ថី និង ៨៦៥មាត្រា។ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងក្រម។ រីឯក លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងក្រម។
ចំណែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មានគោលបំណង ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនិងផ្ដល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន បង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើត ទីផ្សារនិងសេដ្ឋកិច្ចកាន់តែទូលំទូលាយ។ កាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម និងបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលអាចព្យាករណ៍បាន ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុង សកម្មភាពពាណិជ្ជកម្មសេវាកម្ម។ កាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវ សមភាព តុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន មាន ២មាត្រា។ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ រីឯ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់៕