ភ្នំពេញ៖ ត្រឹមចុងខែឧសភានេះ ផ្លូវជាតិលេខ៣១ សម្រេចបានជាង ២៣% ខណៈដែល ផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣១% ហើយ លទ្ធផលបង្ហាញឱ្យឃើញថា គម្រោងទាំងពីរអាចនឹងបញ្ចប់មុនពេលកំណត់។ នេះបើតាមរបាយការណ៍ដែលបានបង្ហាញនៅ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពេលលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិទាំងពីរនេះ ។
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញញជូន ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ឧសភា ២០២៣ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ សម្រេចបាន ២៣,១២% ក្នុងនោះដែរ (១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៤៤,៩៧គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤០,២៩គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ១៥,៤៣គ.ម។
របាយការណ៍នេះបន្តថា ចំពោះគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ គិតត្រឹមថ្ងៃទី២៥ ឧសភា ២០២៣ សម្រេចបាន ៣១,៧៣% ក្នុងនោះដែរ (១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៥២,៥៧គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤៦,៥៤គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣១,៤៤គ.ម។
តាមរយៈតួលេខខាងលើបង្ហាញឱ្យឃើញថា គម្រោងទាំងពីរកំពុងតែអនុវត្តលឿនជាងផែនការដែលបានគ្រោងទុក នេះគឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចនាំឱ្យគម្រោងនឹងបញ្ចប់មុនពេលកំណត់ក្នុងកិច្ចព្រមព្រៀង។ បើទោះជាយ៉ាងនេះក៏ដោយ ថ្នាក់ដឹកនាំនៅតែបន្តការណែនាំដល់ មន្ត្រីជំនាញបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស ពិសេសត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន និងការស្រោចទឹកកាត់បន្ថយដីហុយ ដើម្បីជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះដែរ ដោយហេតុថាគម្រោងនេះកំពុងស្ថិតក្នុងការសាងសង់នៅឡើយ ក្រសួងសូមស្នើការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីបងប្អូនប្រជាពលរដ្ឋដែលទទួលរងការរំខាន និងផលប៉ះពាល់ផ្សេងៗពីគម្រោងការដ្ឋាន។
ដោយឡែក ចំពោះរោងចក្រផលិតបេតុងកៅស៊ូ AC ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការ ពង្រឹងលទ្ធភាព និងសមត្ថភាពក្នុងការផលិត ដើម្បីអាចបំពេញតម្រូវការប្រើប្រាស់នាពេលអនាគត។ ផលិតផលដែលកើតចេញពីរោងចក្រនេះ គឺជាប្រភេទកៅស៊ូត្រជាក់ ដែលអាចប្រើប្រាស់សម្រាប់ប៉ះជង្ហុកសំបុកមាន់ នៅក្នុងរដូវវស្សា។
សូមរម្លឹកដែរថា៖ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) រីឯ ផ្លូវជាតិលេខ៣៣ មានប្រវែងសរុបប្រមាណ ៥២,៥៧គីឡូម៉ែត្រ ចាប់ពីក្រុងកំពត បន្តរហូតដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។
ផ្លូវជាតិទាំងពីរខ្សែនេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។
ចំពោះផ្លូវជាតិលេខ៣១ គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារអាមេរិក និងផ្លូវជាតិលេខ៣៣ គ្រោងចំណាយប្រមាណជាង ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕