ភ្នំពេញ៖ លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើគឡើងថា លេខរៀងអាចរួមចំណែកធ្វើឱ្យអ្នកបោះឆ្នោតងាយចាំគណបក្សដែលខ្លួនគាំទ្រ ប៉ុន្តែវាមិនមែនជាកត្តាកំណត់សម្រាប់ភាពជោគជ័យឬភាពបរាជ័យក្នុងការបោះឆ្នោតរបស់គណបក្សនយោបាយនោះទេ។
លោកបណ្ឌិត បានសរសេរនៅលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី៣០ ខែឧសភានេះថា ការគាំទ្ររបស់អ្នកបោះឆ្នោតចំពោះគណបក្សនីមួយៗ ពាក់ព័ន្ធតិចតួចបំផុតទៅនឹងលេខរៀងគណបក្ស ហើយការពាក់ព័ន្ធនោះទៀតសោត អាចកើតមានឡើងដោយភាពចៃដន្យដូចជា ការគូសច្រឡំឬការចងចាំច្រឡំរបស់អ្នកបោះឆ្នោត។
លោកពន្យល់ថា ការគាំទ្ររបស់អ្នកបោះឆ្នោតគឺមានការជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយនឹងប្រវត្តិគណបក្ស ប្រវត្តិថ្នាក់ដឹកនាំគណបក្ស ភាពស្អាតស្អំរបស់មន្ត្រីគណបក្ស គោលនយោបាយរបស់គណបក្ស សមិទ្ធផលដែលគណបក្សសម្រេចបានដើម្បីជាតិនិងប្រជាជន និងឧត្តមគតិស្នេហាជាតិ ទឹកដី និងប្រជាជន របស់គណបក្សថ្នាក់ដឹកនាំ និងមន្ត្រីរបស់គណបក្សគ្រប់ជាន់ថ្នាក់។
លោកថ្លែងថា៖« ដូច្នេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនីមួយៗ មិនគួរភ្ជាប់នឹងលេខរៀងគណបក្សច្រើនពេកទេ គ្រាន់តែធ្វើយ៉ាងណាឱ្យតែអ្នកបោះឆ្នោតចងចាំទៅបានហើយ។ វាគ្មានទេ លេខរៀងមានហុងស៊ុយ ឬគ្មានហុងស៊ុយ ព្រោះលេខទាំងអស់សុទ្ធតែល្អ តែមនុស្សទេដែលប្រើវាក្នុងផ្លូវមិនល្អ។ ទន្ទឹមនឹងនោះដែរ គណបក្សនីមួយៗ មិនមែនមានលេខរៀងដដែលនៅលើសន្លឹកឆ្នោតនៅគ្រប់ការបោះឆ្នោតនោះទេ»។
បើតាម លោក បណ្ឌិត គិន ភា ជាក់ស្តែង គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលតែងតែទទួលបានអាសនៈច្រើនជាងគេតាំងពីការបោះឆ្នោតឆ្នាំ១៩៩៨ មក លេខរៀងរបស់គណបក្សនេះ មានការប្រែប្រួលរហូតមក តាំងពីឆ្នាំ១៩៩៣ ដូចខាងក្រោម ៖
១- ការបោះឆ្នោតនៅថ្ងៃទី២៥-២៨ ខែឧសភា ឆ្នាំ១៩៩៣ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី១ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង២០ និងទទួលបានអាសនៈចំនួន ៥១/១២០។
២- ការបោះឆ្នោតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី៣៥ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង៣៩ និងទទួលបានអាសនៈចំនួន ៦៤/១២២។
៣- ការបោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី១៧ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង២៣ និងទទួលបានអាសនៈចំនួន ៧៣/១២៣។
៤- ការបោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី៤ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង១១ និងទទួលបានអាសនៈចំនួន ៩០/១២៣។
៥- ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី៤ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង៨ និងទទួលបានអាសនៈចំនួន ៦៨/១២៣។
៦- ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី២០ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង២០ និងទទួលបានអាសនៈចំនួន ១២៥/១២៥។
៧- ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង១៨ ប៉ុន្តែចំនួនអាសនៈប៉ុន្មានដែលគណបក្សប្រជាជនកម្ពុជា នឹងទទួលបានសម្រាប់ការបោះឆ្នោតជាតិលើកទី៧នេះ យើងរង់ចាំមើលទាំងអស់គ្នា។
លោកថ្លែងថា៖« ដូច្នេះ គណបក្សនានាមិនបាច់នាំគ្នាអួតរឿងលេខរៀងហុងស៊ុយអីទេ ត្រូវនាំគ្នាអួតរឿងអំពើល្អចំពោះប្រជាជននិងសមិទ្ធផលជូនជាតិ។ ជាទស្សនៈផ្ទាល់ខ្លួនមួយជ្រុងរបស់ខ្ញុំ ប្រជាជនមិនចាប់អារម្មណ៍ការផ្លាស់ប្តូរស្អីនោះទេ អ្វីដែលប្រជាជនចង់បានគឺ ស្រុកសាន្តត្រាន ជីវភាពសម្បូរសប្បាយ សិទ្ធិសេរីភាពពេញលេញ យុត្តិធម៌សង្គម គ្មានការគាបសង្កត់ និងគ្មានការរើសអើង។
មកដល់ចំណុចនេះ លោកបណ្ឌិត សុំរំឭកឡើងវិញនូវអត្ថបទខ្លីមួយរបស់ខ្ញុំនាពេលកន្លងមកពាក់ព័ន្ធនឹងការផ្លាស់ប្តូរនៅមជ្ឈិមបូព៌ានិងនៅអាហ្វ្រ៊ិក ជាដើម។
ការផ្តួលរំលំរបបដឹកនាំមួយចំនួននៅមជ្ឈិមបូព៌ា នៅអាហ្វ្រ៊ិក បដិវត្តន៍ផ្កាម្លិះ និងនិទាឃរដូវអារ៉ាប់ បាននាំមកនូវបទពិសោធន៍ដ៏អាក្រក់នៃការផ្លាស់ប្តូរនៅជុំវិញពិភពលោក។ ប្រជាជនជាច្រើនត្រូវបានបំភ័យដោយការផ្លាស់ប្តូរ។ ពួកមហាអំណាចមិនបានរៀបចំផែនការដ៏ល្អសម្រាប់ការផ្លាស់ប្តូរ ដែលស្ថិតក្រោមរបៀបវារៈនយោបាយរបស់ខ្លួនឡើយ។
តាមរយៈបទពិសោធន៍ខាងលើ ប្រជាជនកម្ពុជាមិនគួរប្រឈមនឹងហានិភ័យនៃការផ្លាស់ប្តូរណាមួយ ដែលគ្មានភាពប្រាកដប្រជានោះទេ។ ប្រជាជនកម្ពុជាមិនត្រូវការការផ្លាស់ប្តូរអ្នកដឹកនាំទេ តែអ្វីដែលពួកគាត់ត្រូវការ គឺការផ្លាស់ប្តូររបៀបដឹកនាំមួយចំនួនដែលធ្វើឱ្យមានគម្លាតរវាងរដ្ឋនិងរាស្ត្រ»។ ប្រជាជនកម្ពុជាត្រូវការកំណែទម្រង់ស៊ីជម្រៅពិតប្រាកដមួយ ដែលមិនមែនជាការសន្យាម្តងហើយម្តងទៀតនោះទេ។
ប្រជាជនគួរតែត្រូវបានផ្តល់ឱកាសឱ្យនិយាយត្រង់ៗទៅកាន់រាជរដ្ឋាភិបាល ឱ្យដូរមនុស្សនិងដូររបៀបដឹកនាំមួយចំនួនដែលដើរឆ្ងាយពីសភាពការណ៍ពិត និងតម្រូវការជាក់ស្តែងរបស់ប្រជាជន «របៀបធ្វើការដដែល មិនអាចបានលទ្ធផលប្រសើរជាងមុនទេ»។ រាជរដ្ឋាភិបាលត្រូវតែហ៊ានទទួលយកពាក្យពិតពីប្រជាជនដោយគ្មានការរើសអើងឬការលាបពណ៌។
អាជ្ញាធរមួយចំនួនដែលនៅតែប្រកាន់ឥរិយាបថរើសអើងឬលាបពណ៌ហួសហេតុទៅលើប្រជាជនខ្លួនឯង គឺគ្មានបានជួយអ្វីទាល់តែសោះដល់រាជរដ្ឋាភិបាល ក្រៅតែពីការរុញច្រានប្រជាជនឱ្យឃ្លាតឆ្ងាយពីដើមទ្រូងរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលនិងប្រជាជន ប្រៀបដូចឪពុកម្តាយនិងកូនៗ។ គ្មានឪពុកម្តាយណាចង់ឱ្យកូនៗក្រលំបាកទេ ហើយក៏គ្មានកូនៗណាចង់ចាកចេញពីឪពុកម្តាយដែរ។ គ្រួសារមួយដែលមានសុភមង្គល គឺជាគ្រួសារដែលមានឪពុកម្តាយពោរពេញដោយព្រហ្មវិហារធម៌ ហើយកូនៗពោរពេញដោយកត្តញ្ញុតាធម៌។
សុខុមដុមនីយកម្មនៃសង្គមយើង មិនមែនជាមោទនភាពនៃការភ្លក្សរសជាតិប្រជាធិបតេយ្យបែបបស្ចិមលោកនោះឡើយ ប៉ុន្តែ អ្វីដែលយើងត្រូវការ គឺសន្តិភាព ស្ថិរភាព វិបុលភាព និងយុត្តិធម៌សង្គម។ ប្រជាជនមិនត្រូវការផ្លាស់ប្តូរទេ បើរាជរដ្ឋាភិបាលចេះផ្លាស់ប្តូរ។ ប្រជាជនមិនល្ងង់រហូតដល់ថ្នាក់ «យកឆ្កែអូសរទេះជំនួសគោនោះទេ»៕