ភ្នំពេញ៖តំណាគណបក្សនយោបាយ ចំនួន ១៥ គណបក្ស បានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លើទម្រង់ទំហំសញ្ញាសម្គាល់ ឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ របស់គណបក្សខ្លួន ដោយឡែកគណបក្សនយោបាយ ចំនួន ៣ គណបក្សផ្សេងទៀត បានសុំកែសម្រួលនូវចំណុចខ្លះ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ៣០ ខែឧសភា នេះ បញ្ជាក់ថា ការសុំកែសម្រួលនេះ ត្រូវធ្វើរួចរាល់ និងមានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់ដោយសាមីគណបក្សនយោបាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។
លោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គ-លេខាធិការដ្ឋាន គ.ជ.ប និងជាប្រធានដឹកនាំកម្មវិធីនេះ បានមានប្រសាសន៍ថា ការអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីធ្វើការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ នៅពេលនេះ គឺមានគោលបំណងដើម្បីឱ្យការរៀបចំទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ដោយសាមីគណបក្សនយោបាយនីមួយៗ។
លោកបន្តថា ទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវពិនិត្យនៅក្នុងកម្មវិធីនេះ គឺជាទម្រង់ដែលសាមីគណបក្សនយោបាយនីមួយៗ បានផ្ញើជូន គ.ជ.ប។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប ក៏បានរៀបចំការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតរួចរាល់ហើយដែរ ដូចនេះការងារបន្ទាប់ គ.ជ.ប នឹងចាត់ចែងការផលិត និងបោះពុម្ពសន្លឹកឆ្នោត ឱ្យបានទាន់ពេលវេលា សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕