ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះផ្អាកទីតាំងឱសថបុរាណ មួយកន្លែងឈ្មោះ ស៊ូ សេងហ៊ួរ ជាបណ្តោះអាសន្ន និងពិន័យជាប្រាក់ចំនួន ១លានរៀលព្រមទាំងបានបញ្ជូនកំណត់ហេតុនេះជូនទៅថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ការចុះផ្អាកបណ្តោះអាសន្ននេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយមាន ក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិនគរបាលសង្កាត់ដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ បានចុះត្រួតពិនិត្យទីតាំងបើកឱសថបុរាណគ្មានច្បាប់អនុញ្ញាត ១កន្លែង ដែលមានឈ្មោះ ស៊ូ សេងហ៊ួរ មានទីតាំងស្ថិតនៅភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ទីតាំងឱសថបុរាណនេះបានបើកសេវាពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម មហារីក និងបានចុះផ្សាយតាម Facebook ដែលមានគណនីឈ្មោះ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែម និងព្យាបាលជំងឺមហារីក បានជាសះស្បើយ ដែលការជ្សព្វផ្សាយនេះពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរឹតភូតភ ខុសពីការពិត។
ប្រភបដដែលនេះបន្តថា បន្ទាប់ពីបានត្រួតពិនិត្យទីតាំង បុគ្គលិកបំរើការងារ និងជួបជាមួយម្ចាស់ឱសថបុរាណនេះ ព្រមទាំងធ្វើកំណត់ហេតុរួចមក ក្រុមការងារបាន ផ្អាកទីតាំងឱសថបុរាណជាបណ្តោះអាសន្ន និងពិន័យជាប្រាក់ចំនួន ១លានរៀល ព្រមទាំងបានបញ្ជូនកំណត់ហេតុនេះជូនទៅថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ក្រោយពេល អាជ្ញាធរចុះផ្អាក លោក ស៊ូ សេងហ៊ួរ ដែលជាម្ចាស់ផលិកម្មឱសថបុរាណ ឈ្មោះស៊ូ សេងហ៊ួរ បានចេញមុខឡាយ សុំទោសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សុំទោសក្រសួងសុខាភិបាល សុំទោសមហាជន គម្រោងទាំងអស់របស់លោក និងត្រូវបានលុបចោល ដូចជាមហាព្រឹត្តិការព្យាបាលជម្ងឺទឹកនោមផ្អែមមិនគិតថ្លៃ១០០នាក់ ជម្ងឺមហារីក១០០នាក់ ជម្ងឺស្លាប់មួយចំហៀងខ្លួន១០០នាក់មិនគិតថ្លៃ និងផ្អាករាល់ការជួបជុំចែកផលិតផលទាំងអស់មិនគិតថ្លៃ ។
លោកបន្តថា « យើងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដូចនេះសូមមហាជនជ្រាបជាពត៏មាន សូមអរគុណ»៕