នគរបាលភ្នំពេញបំភ្លឹពាក់ព័ន្ធនឹងការឃាត់ម៉ូតូមួយគ្រឿង នៅចំណុចការ៉ាស់សាំង PTT នៅលើផ្លូវលេខ២៧១

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺ ពាក់ព័ន្ធនឹងការឃាត់ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស នៅចំណុចការ៉ាស់សាំង PTT នៅលើផ្លូវលេខ២៧១។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែឧសភានេះ ឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការចេញល្បាតក្នុងមូលដ្ឋាន សំដៅបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ។

ប្រភពដដែលនេះបន្តថា លុះដល់ចំណុចការ៉ាស់សាំង PTT លើផ្លូវលេខ២៧១ ក៏ប្រទះឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស និងឃើញមានស្នាមដោះត្រង់ចំណុចផ្លាកលេខម៉ូតូ ដោយមានការសង្ស័យ ទើបសមត្ថកិច្ចជំនាញបានធ្វើការសាកសួរអំពីឯកសារពាក់ព័ន្ធនឹងម៉ូតូនេះ ប៉ុន្តែបុរសម្នាក់នេះបានអះអាងថាទុកឯកសារនៅផ្ទះ ទើបសមត្ថកិច្ចសម្រេចនាំយកម៉ូតូមកអធិការដ្ឋានដើម្បីរក្សាទុក។

ប្រភពដដែលបន្ថែមថា លុះដល់វេលាម៉ោង ១១:៥០នាទីយប់ថ្ងៃដដែល សមាជិកគ្រួសារគាត់បាននាំយកឯកសារពាក់ព័ន្ធមកបង្ហាញសមត្ថកិច្ច ពិនិត្យថាពិតជាត្រឹមត្រូវ ទើបសមត្ថកិច្ចធ្វើការប្រគល់ម៉ូតូជូនគាត់វិញ ៕