សមាជិកមូលនិធិស៊ីក្លូជិត៣០០នាក់ ទទួលថវិកានិងសម្ភារៈ ពីសម្តេច ហ៊ុន សែន

ភ្នំពេញ ៖ សមាជិកមូលនិធិស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ចំនួន២៩៩នាក់ ទទួលបានអាវភ្លៀង មី និង ថវិកា ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិ ត្រីចក្រយានកម្ពុជា(ស៊ីក្លូ) ដើម្បីជួយសម្រួលការលំបាក ខណៈរដូវវស្សាបានឈានមកដល់ ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា បានប្រគល់ជូនសមាជិកទាំង២៩៩នាក់ នារសៀលថ្ងៃ២៨ ឧសភា។ ក្នុងឱកាសនោះ លោក ម៉េត មាសភក្តី បានលើកឡើងថា អំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបានអាវភ្លៀង១ ថវិកាចំនួន៥ម៉ឺនរៀល និងមី១កេស ។ លោកថា សម្តេចតេជោតែងតែក្រើនរំលឹកឲ្យលោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែសុខទុក្ខសមាជិកអ្នកធាក់ស៊ីក្លូ ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ន្ថែមថា សម្តេច ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងចំពោះសមាជិកមូលនិធិស៊ីក្លូ ពោលឲ្យតែមានពិធីបុណ្យជាតិធំៗ សម្តេចតែងបានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ អ្នកធាក់ស៊ីក្លូទាំង២៩៩នាក់ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែ ចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណ ប.ស.ស. ដើម្បីអាចទៅព្យាបាលជំងឺ ដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋនានា ។

គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី១៨ មករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើត តាំងពីសម័យអនានិគមនិយមបារាំងមកម្លេះ៕