ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៉ូឡូញប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌មាននេះបន្តថា ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាព អឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។
ក្នុងកិច្ចពិគ្រោះយោបល់នយោបាយលើកទី ២ រវាងកម្ពុជា និងប៉ូឡូញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ចែម វី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិន ព្រះរាជាណាចក្រកម្ពុជា និង លោក Wojciech Gerwel អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការ បរទេសនៃសាធារណរដ្ឋប៉ូឡូញ ភាគីទាំងពីរ នឹងលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជន។
ភាគីទាំង ពីរបានចែករំលែកទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងពិភពលោកដែលជាផលប្រយោជន៍ និងកង្វល់រួមមួយចំនួន។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នក កាន់លិខិតឆ្លងដែនការទូត៕