លម្អិត! បុរសវ័យជាង៧០ឆ្នាំម្នាក់ត្រូវបានក្រពើខាំស្លាប់ភ្លាមៗ ខណៈរអិលជើងធ្លាក់ចូលអាងក្រពើនៅខេត្តសៀមរាប នៅគ្រាពេលដើរហាត់ប្រាណ

សៀមរាប៖ បុរសវ័យជាង៧០ឆ្នាំម្នាក់ ត្រូវបានក្រពើខាំស្លាប់ភ្លាមៗ ខណ:ដែលកំពុងដើរហាត់ប្រាណជំវិញអាងចឹញ្ចឹមក្រពើរបស់ខ្លួនឯងហើយរអិលជើងធ្លាក់ចូលអាងចឹញ្ចឹមក្រពើនោះ។

ប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាប ឱ្យដឹងថា ជនរងគ្រោះរូបនោះ មានឈ្មោះ លួន ណាំ អាយុ ៧២ឆ្នាំ មានទីលំនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ជាគណ:កម្មាការវត្តពោធិ៍បន្ទាយជ័យ បានបាត់បង់ជីវិត នៅម៉ោង៥និង៤០នាទីព្រឹកក្នុងថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៣ នៅពេលជនរងគ្រោះ ដើរហាត់ប្រាណហើយរអិលជើងធ្លាក់ចូលអាងក្រពើ បណ្ដាលឱ្យសត្វក្រពើខំាស្លាប់យ៉ាងអណោចអធមនៅកន្លែងកើតហេតុ។

តាមរយៈការរៀបរាប់ពី ភរិយាជនរងគ្រោះ បញ្ជាក់ថា ជនរងគ្រោះជាអ្នកចិញ្ចឹមក្រពើ ហើយដើរហាត់ប្រាណរាល់ថ្ងៃ ប៉ុន្ដែមិនដឹងយ៉ាងម៉េចស្រាប់តែ រូបគាត់បានក្រោកដើរចេញទៅកន្លែងអាងចិញ្ចឹមក្រពើ ក៏ប្រទះឃើញប្តីរបស់គាត់បានស្លាប់នៅក្នុងអាងចិញ្ចឹមក្រពើតែម្ដង។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។សូមបញ្ជាក់ថា មកដល់ពេលនេះ អ្នកចិញ្ចឹមក្រពើនៅខត្ដសៀមរាប បានបាត់បង់ជីវិតចំនួន៣នាក់មកហើយ ក្នុងនោះមានកូនក្មេងម្នាក់ផងដែរ៕