ភ្នំពេញ: រដ្ឋាភិបាលបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មការជាតិឧបាស្រ័យពាណិជ្ជកម្ម ។
កិច្ចប្រជុំលើនេះធ្វើឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក
ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្មដែលត្រូវបានប្រកាសឱ្យប្រើនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានគោលបំណងការពារនិងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានចំពោះឧស្សាហកម្មកម្ពុជាបណ្តាលមកពីការធ្វើពាណិជ្ជកម្មនាំចូលដោយមិនស្មោះត្រង់និងការ នាំចូលដោយគំហុក ដោយប្រើប្រាស់វិធានឧបាស្រ័យពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក។
ច្បាប់នេះ ត្រូវអនុវត្តចំពោះការលក់បង្ខូចថ្លៃ ការឧបត្ថម្ភធននិងវិធានការប៉ះប៉ូវ ព្រមទាំងវិធានការការពារទាក់ទងនឹងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយអនុលោមតាមវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក។
ដើម្បីសម្រេចគោលបំណងនៃច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្មខាងលើ ច្បាប់នេះបានតម្រូវឱ្យបង្កើតគណៈកម្មការជាតិឧបាស្រ័យ ពាណិជ្ជកម្ម ដែលត្រូវដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានា រួមទាំងក្រសួងយុត្តិធម៌ ផងដែរ។
កិច្ចប្រជុំថ្ងៃនេះ ដែលមានការចូលរួមដោយផ្ទាល់ពីក្រសួងពាណិជ្ជកម្ម តំណាងស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអ្នកជំនាញជាតិ-អន្តរជាតិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានពិភាក្សា ដេញដោលនិងអនុម័ត លើសេចក្តីព្រាងអនុក្រិត្យ ជាភាសាអង់គ្លេស ក្នុងដំណាក់កាលទី១៕