ភ្នំពេញ ៖ ខណៈមានការរអ៊ូរទាំចំពោះការផាកពិន័យចំពោះបទល្មើសចរាចរណ៍ ស្ទើរគ្រប់ទីកន្លែងនោះក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានយកឱកាសនេះ ដាស់តឿនទៅក្រុមសមត្ថកិច្ចខាងផ្នែកចរាចរណ៍ថា រាល់ការផាកពិន័យត្រូវចេញវិក័យបត្រ និងយោងមាត្រាច្បាប់ឲ្យត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាជៀសវាងការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នៅខេត្តកណ្តាល នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេច ស ខេង បានណែនាំប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមគោរពអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
ដោយសម្ដេចគូសបញ្ជាក់ថា «មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវធ្វើការពន្យល់ អប់រំណែនាំប្រជាពលរដ្ឋ មុននឹងធ្វើការផាកពិន័យបទល្មើសចរាចរណ៍ និងត្រូវគោរពសិទ្ធិប្រជាពលរដ្ឋ។ ការផាកពិន័យបទល្មើសចរាចរណ៍ត្រូវផ្អែកលើគោលការណ៍ច្បាប់ដែលមានជាធរមាន និងអនុវត្តឲ្យបានស្មើភាពគ្នា ដោយមិនប្រកាន់ ឬបែងចែកបក្ខពួកនោះទេ។ ទន្ទឹមនេះ រាល់ការផាកពិន័យត្រូវចេញវិក័យបត្រ និងយោងមាត្រាច្បាប់ឲ្យបានត្រឹមត្រូវ ជៀសវាងការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន»។
សម្ដេចឧបនាយករដ្ឋមន្ដ្រីបន្ថែមថា អាជ្ញាធរមូលដ្ឋាននៅទូទាំងរាជធានី-ខេត្តទាំងអស់ ត្រូវខិតខំធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ជាពិសេស ត្រូវយកចិត្តទុកដាក់ និងពិនិត្យឡើងវិញចំពោះអាជីវកម្មមួយចំនួនដែលបង្កផលរំខាន ឬផលប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈរបស់ប្រជាពលរដ្ឋ និងពិនិត្យមើលចំពោះការផ្សព្វផ្សាយផលិតផលទាំងឡាយណាដែលមានឥទ្ធិពលអវិជ្ជមាន ឬហានិភ័យ ដល់សុវត្ថិភាពចរាចរណ៍។
ជាមួយគ្នានេះ សម្ដេច ស ខេង អំពាវនាវអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ដែលមានកំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍និងជនរងគ្រោះ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ជាបន្ទាន់តាមទិសដៅការងារឆ្នាំ២០២៣ របស់ គ.ស.ច.គ៕