រតនគិរី៖ លោក អ៊ិត សឿង អធិការរងស្រុកកូនមុំ ត្រូវបានស្នងការនគរបាលខេត្តរតនគិរី ចេញលិខិតបង្គប់ការផ្អាកការងារ និងតួនាទីជាអធិការរងជាបណ្ណោះអាសន្ន ពាក់ព័ន្ធអធិការនគរបាលរូបនេះបានលួចបើកបទល្មើសសង្វៀនមាន់នៅក្នុងស្រុកកូនមុំខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
យោងតាមលិខិតបង្គាប់ការរបស់ស្នងការខេត្តរតនគិរី លេខ៨៥០/២៣ ល.ប.ក ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា៖ ត្រូវបានផ្អាកការងារបណ្ណោះអាសន្ន ចំពោះលោក វរសេនីយ៍ត្រី អ៊ិត សឿង អត្តលេខ5700 អធិការរង នៃអធិការរដ្ឋាននគរបាលស្រុកកូនមុំ។ មូលហេតុ ប្រព្រឹត្តខុសទៅនិងវិនយ័របស់កម្លាំងនគរបាលជាតិ។
លិខិតនេះ បន្តថា លោកវរសេនីយ៍ត្រី អ៊ិត សឿង ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការរិយាល័យបុគ្គលិក ដើម្បីរងចាំចង្អុលណែនាំរបស់នាយកដ្ឋានបុគ្គលិក ហើយត្រូវគោរពនិងអនុវត្តតាមលិខិតបង្គប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
លោក អ៊ិត សឿង ដែលមានអធិការរងស្រុកកូនមុំ រូបនេះបានប្រព្រឹត្តខុសពីបទបញ្ជាផ្ទៃក្នុងរបស់កម្លាំងនគរបាលជាតិយ៉ាងធ្ងន់ធ្ងរ ដោយ បានលួចបើកសង្វៀនមាន់ជល់ ខណៈរដ្ឋាភិបាល កំពុងតែរឹតបន្តឹងពាក់ព័ន្ធករណីភូមិ-ឃុំ មានសុវត្ថភាព។ ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ បានរិះគន់ខ្លាំងៗ ក្រោយពេលបែកធ្លាយវីដេអូ សមត្ថកិច្ចមូលដ្ឋានចុះទៅបញ្ឈប់ និង ណែនាំកុំឱ្យបើកល្បែងបញ្ជល់មាន់ ព្រោះប៉ះពាល់ដល់សន្តិសុខសង្គម៕