លោក សុខ ឥសាន ៖ បណ្តាអង្គទូត ត្រូវគោរពបូរណភាពទឹកដី និងអាធិបតីភាព របស់ប្រទេសកម្ពុជា

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា បណ្តាអង្គទូតប្រចាំនៅកម្ពុជា គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង រវាប្រទេសរបស់ខ្លួន និងប្រទេសកម្ពុជាដោយឈរលើមូលដ្ឋានគោរពនូវបូរណភាពទឹកដី អធិបតីភាព និងការសម្រេច របស់ប្រទេសកម្ពុជា ។

ក្នុងកិច្ចសម្ភាសជាមួយអង្គភាពសារព័ត៌មាន Khmer CMនៅថ្ងៃទី២៤ ខែឧសភានេះ លោក សុខ ឥសាន បញ្ជាក់ថា ដោយឈរលើមូលដ្ឋានទាំងអស់នេះ បណ្តាអង្គទូតទាំងនោះ មិនត្រូវបានអនុញ្ញាតឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ។

លោកបន្តថា ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ ក៏មានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញរបស់អាស៊ានផងដែរ។ ក្នុងន័យនេះ បណ្តាអង្គទូតទាំងនោះ បានបង្ហាញនូវទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់របស់ប្រជាជន ប៉ុន្តែបែជាពួកគាត់ ទៅមានទំនាក់ទំនងជាមួយអ្នកជាប់ទោស និងក្រុមប្រឆាំងទៅវិញ ដែលការធ្វើយ៉ាងដូច្នេះ មិនសមហេតុផលនោះទេ ។

លោកថ្លែងថា « គាត់ទៅទាក់ទងជាមួយមេបក្សប្រឆាំង ហើយជាប់ទោសទៀត ហើយគាត់ថា ជារឿងធម្មតា វាជារឿងរបស់គាត់ ប៉ុន្តែចំពោះយើង យើងអនុវត្តទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញសមាគមអាស៊ាន និងបណ្តាប្រទេសនានានៅលើពិភពលោក គេមិនដែលចាប់ដៃ ជាន់ជើងនោះទេ»។

បើតាម លោក សុខ ឥសាន ប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលប្រតិកម្មទៅនឹង បណ្តាអង្គទូតដែលជាជនបរទេស ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា គឺជារឿងត្រឹមត្រូវដើម្បីរក្សាអាទិភាព ឯកភាពជាតិ អធិបតីភាព របស់កម្ពុជា ។

នៅចំពោះមុខបណ្តាអង្គទូតដែលបានចូលរួម នៅក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានព្រមានអង្គទូតទាំងនោះ កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយទុកឱ្យកម្ពុជារៀបចំលទ្ធិប្រជាធិតេយ្យនៅក្នុងប្រទេសរបស់ខ្លួន ។

សម្តេចបញ្ជាក់ថាដោយសារតែមានការជ្រៀតជ្រែកពីបរទេសកាលពីអតីតកាលនេះហើយ ទើបធ្វើឱ្យប្រជាជនខ្មែរ ស្លាប់អស់រាប់លាននាក់។ សម្តេចព្រមានថា «ហេតុអ្វីបានជាចូលចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរដ្ឋអធិបតេយ្យមួយម៉្លេះ សុំមើលកម្ពុជាឱ្យឆ្ងាយជាងកម្ពុជា ព្រោះកម្ពុជាមានសិទ្ធិតួនាទីនៅក្នុងអាស៊ាន»៕