ស្តេចប្រដាល់ភូមា ស្នើឱ្យមានកងសន្តិសុខការពារខ្លួន ពេលធ្វើដំណើរមកប្រកួតនៅកម្ពុជា

ភូមា៖ ស្តេចប្រដាល់នៃប្រទេសភូមា Dave Leduc ស្នើសុំ ឱ្យមានកងកសន្តិសុខ ការពារខ្លួន នៅពេលដែលធ្វើដំណើរ មកកាន់កម្ពុជា ពីព្រោះប្រហែលជាប្រទេសជិតខាងមួយដែលផ្តើមដោយអក្សរ “T ឬ ថ” មិនសូវជាសប្បាយចិត្តសម្រាប់ការដែលlok ធ្លាប់បានអះអាងថា គុណខ្មែរ គឺក្បាច់គុណដើមយ៉ាងពិតប្រាកដ។

តាមរយៈបណ្តាញសង្គមហ្វេសបុករបស់ខ្លួននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កីឡាករ Dave Leduc បានសរសេរថា «នៅពេលដែលខ្ញុំធ្វើដំណើរទៅកាន់ប្រទេសផ្សេង ខ្ញុំតែងតែមានអង្គរក្សជានិច្ច។ ដូច្នេះ នៅពេលដែលខ្ញុំមកកាន់ប្រទេសកម្ពុជា សូមរៀបចំកងសន្តិសុខឱ្យខ្ញុំផង ពីព្រោះប្រហែលជាប្រទេសជិតខាងមួយដែលផ្តើមដោយអក្សរ “T ឬ ថ” មិនសូវជាសប្បាយចិត្តសម្រាប់ការដែលដែលខ្ញុំធ្លាប់បានអះអាងថា គុណខ្មែរ គឺក្បាច់គុណដើមយ៉ាងពិតប្រាកដ ហើយពួកអាចគេនឹងព្យាយាមវាយប្រហារខ្ញុំផងមិនដឹង ហាហា»។

ជាមួយគ្នានេះ កីឡាកររូបនេះ ក៏ត្រូវការឡានប្រភេទ SUV មួយគ្រឿង ព្រមទាំងអង្គរក្សដែលមានអាវុធ (កាំភ្លើង) មួយរូបដូចដែលលោកមាននៅប្រទេសមីយ៉ានម៉ា។ លោកមានទំនុកចិត្តយ៉ាងមុតមាំថាយោធារបស់ប្រទេសកម្ពុជាពិតជាអាចការពារលោកនៅពេលដែលខ្ញុំធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីលោកអាចប្រកួតបានដោយសុវត្ថិភាព និងបង្ហាញពីគុណបុរាណរបស់កម្ពុជាឱ្យពិភពលោកបានភ្លឺភ្នែក។ ត្រង់ចំណុចនេះ ទោះលោក មិនបានបញ្ជាក់ថា ប្រកួតជាមួយកីឡាករគុនខ្មែររូបណានោះ ប៉ុន្តែជាទូទៅ គេដឹងជាទូទៅថា កីឡាករ Dave Leduc នឹងប្រកួតជាមួយនឹងកីឡាករគុនខ្មែរ ព្រំ សំណាង ព្រោះជារឿយៗនៅតាមបណ្តាមញព័ត៌មានកីឡាករ Dave Leduc ចង់ប្រកួតជាមួយ កីឡាករគុនខ្មែរ ព្រំ សំណាង យ៉ាងខ្លាំង ។

កីឡាករ Dave Leduc បានសរសេរបន្តថា «នៅពេលដែលខ្ញុំមកប្រទេសកម្ពុជានៅឆ្នាំនេះ វានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍។ ខ្ញុំមានអ្នកតាមដាននៅលើបណ្តាញសង្គមរាប់លាននាក់។ ប្រទេសមីយ៉ាន់ម៉ាមានប្រជាជនចំនួន៥៤ លាននាក់ និងកម្ពុជាមាន ១៦ លាននាក់ ដូច្នេះយើងនឹងមានមនុស្សជាង ៧០ លាននាក់អបអរសាទរយើង។ នៅពេលនេះខ្ញុំមិនដឹងថាតើក្រុមហ៊ុនផ្សព្វផ្សាយមួយណា នឹងមានកិត្តិយស ក្នុងការរៀបចំព្រឹត្តិការណ៍ ជា ប្រវត្តិសាស្ត្រនេះទេ ប៉ុន្តែខ្ញុំសង្ឃឹមថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ព្រោះវានឹងជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ»។

លោកបន្ថែមថា៖«កម្មវិធីនេះនឹងនាំមកជាមួយនូវ ការផ្សាយបន្តផ្ទាល់ដ៏ធំបំផុត មានអ្នកឧបត្ថម្ភធំជាងគេ ទិដ្ឋភាពអនឡាញដ៏ធំបំផុត កីឡាករដ៏ល្អបំផុត និងការចំណាយដ៏ច្រើនមហិមាផងដែរ។ ប្រជាពលរដ្ឋ និងពាណិជ្ជករជាច្រើននាក់ដែលមកពីប្រទេសជិតខាង ក៏នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីទស្សនាការប្រយុទ្ធផ្ទាល់មួយនេះ។ សណ្ឋាគារ និងភោជនីយដ្ឋាននឹងពេញនៅពេលដែលខ្ញុំមកដល់។ ខ្ញុំ រីករាយនឹងការ ប្រយុទ្ធនៅទីក្រុង ប្រវត្តិសាស្ត្រ នៃ ប្រទេស កម្ពុជាមួយនេះ ហើយខ្ញុំនឹងឲ្យអ្នកគាំទ្រសម្រេច ថាតើការប្រកួតគួរតែគួរប្រារព្ធឡើងនៅពេលណា»៕