រាជធានីភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥និង១០នាទីបានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញខេត្តកណ្តាល បានចុះស្រាវជ្រាវ-ស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ នៅ០៥គោលដៅផ្សេងគ្នា (០៤គោលដៅ ក្នុងរាជធានីភ្នំពេញ និង០១គោលដៅ ខេត្តកណ្តាល)។
អគ្គស្នងការនគរបាលជាតិ ឱ្យដឹងនៅថ្ងៃទី ២២ ខែឧសភាថា គោលដៅទី១ ៖ ចំណុចមុខក្រសួងពាណិជ្ជកម្ម មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គោលដៅទី២ ៖ ចំណុចផ្ទះជួលលេខ ៦៤E១ ផ្លូវលេខ១១០ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គោលដៅទី៣ ៖ ចំណុចបុរីពិភពថ្មី ផ្ទះលេខ១០៧ ផ្លូវE ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គោលដៅទី៤ ៖ ចំណុចបុរីពិភពថ្មី ផ្ទះលេខ១២៦ ផ្លូវលេខ៣៥B ភូមិត្រពាំងព្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ និងគោលដៅទី៥ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទី សមត្ថកិច្ចបានបន្តទៅឆែកឆេរ នៅចំណុចផ្ទះ ជួលលេខ២CE1 ផ្លូវលេខ១០៩ ក្រុមទី៣១ ភូមិ៣ សង្កាត់អូប្ញស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលបាន ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន ៖ ១.ឈ្មោះ សេង គុន្នី ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ។ ២.ឈ្មោះ អ៊ឹម ស្រីពៅ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ។ និង ៣.ឈ្មោះ លាស់ ណេត ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ។
ក្រោយធ្វើការឃាត់ សមត្ថកិច្ចបានដក ហូតវត្ថុតាងគ្រឿងញៀនរួមមាន ៖ ១-ហេរ៉ូអ៊ីន (HEROINE) ទម្ងន់១៣៨៥៨៥,៧៥ ក្រាម (១៣៨ គីឡូក្រាម ៥៨៥,៧៥ ក្រាម)។ ២-អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៤១៦១,៥៣ ក្រាម (៤ គីឡូក្រាម ១៦១,៥៣ ក្រាម)។ ៣-មេតំហ្វេតាមីន (METHAMPHETAMINE) ទម្ងន់ ៤៦០៦២ ក្រាម (៤៦គីឡូក្រាម ៦២ ក្រាម)។ ៤-កេតាមីន (KETAMINE) ទម្ងន់ ៤៣២៦,៩៣ ក្រាម (៤គីឡូ ក្រាម៣២៦,៩៣ ក្រាម)។ ៥-នីមេតាហ្សេប៉ាម (NIMETAZEPAM) ទម្ងន់ ៧៧២,២០ ក្រាម។
សរុបរួមសារធាតុញៀនទម្ងន់ ចំនួន ១៩៣៩០៨,៤១ ក្រាម (១៩៣ គីឡូក្រាម ៩០៨,៤១ ក្រាម)។ និង សារធាតុមិនច្បាស់ទម្ងន់ ចំនួន ២៣,២១ ក្រាម ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ដុតាងសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕