ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ សូមកុំប្រើប្រាស់ទូរស័ព្ទនៅពេលកំពុងបើកបរ ព្រោះនៅលើដងផ្លូវ គេច្រើនឃើញមានអ្នកបើកបរនិយាយទូរស័ព្ទ ចំណែកអ្នកខ្លះទៀតនោះ ពេលឈប់ស្តុបម្តងៗនាំគ្នាចុចទូរស័ព្ទ លេងហ្វេសប៊ុកថែមទៀតផង។
បើតាមក្រសួង ជាការពិត មិនថាអ្នកបើកបរឡាន ឬម៉ូតូទេ នៅពេលលើកទូរស័ព្ទចុច និយាយ ឬក៏លេងហ្វេសប៊ុក មើលសារផ្សេងៗ គឺអាចនឹងបង្កគ្រោះថ្នាក់ ជាយថាហេតុ ដោយនឹកស្មានមិនដល់ អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងផង និងអ្នកដទៃផង ដោយសាររវល់តែដៃម្ខាងកាន់ទូរស័ព្ទ ហើយដៃម្ខាងកាន់ចង្កូត។
ក្រសួងបញ្ជាក់ថា នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៨ថ្មី ចំនុចទី៦ បានចែងថា “ហាមអ្នកបើកបរប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានជំនិះដោយគ្មានឧបករណ៍សម្លេងភ្ជាប់ទំនាក់ទំនង” ។ ក្នុងករណីអ្នកបើកបរដែលត្រូវការប្រើទូរស័ព្ទបន្ទាន់ត្រូវឈប់អែបខាងផ្លូវ នៅកន្លែងមានសុវត្ថិភាពដើម្បីប្រើទូរស័ព្ទ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្តិភាពរបស់យើងទាំងគ្នា។ «ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»៕