ពលរដ្ឋ០២នាក់ បង់សំណាញ់នៅក្នុងស្រះមួយកន្លែងជាប់អាវុធ១ដើម បង់៤ នៅស្រុកមោងឫស្សី

បាត់ដំបង៖ ប្រជាពលរដ្ឋ០២នាក់បានទៅបង់សំណាញ់នៅក្នុងស្រះមួយកន្លែង អូសជាប់អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មានអាវុធ១ដើម និង បង់៤ នៅស្រុកមោងឫស្សី រួចក៏រាយការណ៍ទៅសមត្ថកិច្ច។ នេះបើតាមអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ ។

អគ្គស្នងការនគរបាលខជាតិ បន្តថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង០០នាទីព្រឹក នៅចំណុចខាងត្បូងភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានប្រជាពលរដ្ឋចំនួន ០២នាក់ ១.ឈ្មោះ សឿន សុវណ្ណា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង២.ឈ្មោះ សឺន ឆៃឡេង ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ត្រូវជាប្អូនថ្លៃ) បាននាំគ្នាជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាវ៉េវអាល់ហ្វា ធុនសេ១០០ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-8478 ទៅបង់ត្រីនៅស្រះ (មិនស្គាល់ម្ចាស់) ពីរខាងត្បូងភូមិគរ ឃុំព្រៃស្វាយ ខាងលិចផ្លូវលំគ្រួសក្រហមចំងាយប្រហែល ១០ម៉ែត្រ បានបង់ចំនួន ០៣សំណាញ់ ក៏អូសបានជាប់អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី។

ប្រភពដដែលនេះបន្តថា ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញកាំភ្លើង ០១ដើម ម៉ាក AK47 (បត់) ផលិតនៅប្រទេសចិន មានបង់ចំនួន០៤ និងគ្រាប់ចំនួន ១០០គ្រាប់ រុំដោយកន្សែងពោះគោពណ៍ស ច្រកក្នុងថង់ប្លាស្ទិចពណ៍ស រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកមោងឫស្សី អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕