ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់នៃគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងមន្ត្រីក្រោមឱវាទចំណុះគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ចំពោះការបំពេញបេសកកម្មថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។
យោងតាមលិខិតសរសើរ និងអបអរសាទរ ផ្ញើទៅនាយឧត្តមសេនីយ៍ នេត សាវឿន នាថ្ងៃទី១៨ ឧសភា បានឲ្យដឹងថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវៈ នាំដល់ការសម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដែលមិនត្រឹមតែជាមោទកភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមិទ្ធផលដ៏លេចធ្លោថ្មីមួយទៀត សម្រាប់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាទាំងមូល ក្នុងការបំពេញបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បន្ទាប់ពីជោគជ័យនៃការប្រារព្ធបណ្ដាព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗកន្លងមក ជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០, មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣, និងអង្គរសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលទើបនឹងបញ្ចប់ទៅកាលពីពេលថ្មីៗនេះ»។
សម្តេចបន្តថា ជោគជ័យដ៏ត្រចះត្រចង់ថ្មីនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសកម្ម និងការលះបង់ដ៏ធំធេងរបស់នាយឧត្តមសេនីយ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៃគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលខិតខំធានាបាននូវបរិយាកាសសន្តិសុខល្អប្រសើរ បម្រើដល់ការប្រារព្ធកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣២ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្ររយៈពេល៦៤ឆ្នាំរបស់កម្ពុជា បានប្រព្រឹត្តទៅដោយសុខសុវត្ថិភាព ចាប់តាំងពីពេលបើកដំណើរការ រហូតដល់ពេលបិទបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី១៧ ខែឧសភា ក្រោមម្លប់នៃសន្តិភាព និងមគ្គុទេសន៍ប្រកបដោយភាពឈ្លាសវៃប៉ិនប្រសប់ និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចបន្ថែមថា សមិទ្ធផលគួរជាទីមោទកនេះ ក្នុងការងារសន្តិសុខនេះក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍អាស៊ានកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀតក្រោមស្មារតីនៃកីឡា ជាពិសេសបង្ហាញនូវភាពម្ចាស់ការប្រកបដោយបទពិសោធន៍របស់កម្ពុជា ក៏ដូចជារួមចំណែកបង្កើនជំនឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានមកលើសមត្ថភាព និងការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕