អគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែតនឹងសម្ពោធដាក់ដើមសប្តាហ៍ក្រោយ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងររៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅដើមសប្តាហ៍ក្រោយនេះ ។ នេះ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាធានីភ្នំពេញ ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣។

សេចក្តីជូនដំណឹងនេះបញ្ជាក់ថា ពិធីសម្ពោធនឹងត្រូវរៀបចំ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ មហាវិថីព្រះមុនីវង្ស (ចាប់ពីរង្វង់មូលកួចកាណុង រហូតដល់ស្តុបBKC និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ដោយ មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

គួររម្លឹកថា អគារតេជោអភិវឌ្ឍន៍ ដែលជាមជ្ឈមណ្ឌលពហុឯកទេស ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីដើមខែមីនា ឆ្នាំ២០១៨។ អគារទំនើបថ្មីមួយបន្ថែមទៀតនេះ មាន៤៦៥គ្រែ ដោយនឹងបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រ សំខាន់ៗទាំងអស់ រួមទាំង ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម ពហុឯកទេសទំនើប៕