អតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា កោតសសើរ កីឡាករ កីឡាការិនីកម្ពុជា គឺមានការតស៊ូ

ភ្នំពេញ៖ លោក Gotaro Ogawa ក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា កោតសសើរ កីឡាករ កីឡាការិនីកម្ពុជា គឺមានការតស៊ូ និងព្យាយាមខ្លាំងណាស់ នៅពេលដែលពួកគាត់ទៅហ្វឹកហាត់នៅឯប្រទេសជប៉ុន ដែលធ្វើឱ្យ គ្រូបង្វឹកកីឡាករ កីឡាការិនីទាំងអស់ មានការគោរព និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ការកោតសសើររបស់លោក Gotaro Ogawa ធ្វើឡើង នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ក្នុងពេលលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

លោកបន្តថា កីឡាករ កីឡាការិនីកម្ពុជា មានសក្តានុពល និងមានទេពកោសល្យ លើវិស័យយូដូណាស់ ក្នុងន័យនេះលោក បានស្នើសុំការគាំទ្រពីសម្ដេច ហ៊ុន សែន ក្នុងការបន្តជួយបង្វឹកកីឡាករ កីឡាការិនីកម្ពុជាតទៅទៀត ។

ជាមួយគ្នានេះ ឡោក Gotaro Ogawa បានសំដែងនូវកា អបអរសាទរជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់នាពេលនេះ ។

ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក Gotaro Ogawa លោកគ្រូ អ្នកគ្រូ និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រ និងហ្វឹកហាត់កីឡាករ កីឡាការិនីកម្ពុជា រហូតទទួលបានមេដៃច្រើន ដែលពីមុនមកមិនដែលទទួលបានមេដៃច្រើនបែបនេះនោះទេ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យលោក Gotaro Ogawa លោកគ្រូអ្នកគ្រូ យូដូ បន្តធ្វើការហ្វឹកហាត់ កីឡាករ កីឡាការិនីកម្ពុជាតទៅទៀត ពីព្រោះថាបេសកកម្មកម្ពុជាមិនត្រឹមបញ្ចប់ត្រឹមស៊ីហ្គេមនេះទេ គឺនៅត្រូវទៅចូលរួមការប្រកួតដទៃទៀត ម្យ៉ាងវិញទៀតកីឡានាំមកនៅសុខភាពល្អ និងជាស្ពានផ្សារភ្ជាប់នូវទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជន ផងដែរ៕