កំពង់ធំ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានចេញសេចក្តីថ្លែងការណ៍មួយពន្យល់ដល់សាធារណជន ពីអង្គហេតុ ជុំវិញការឃាត់ខ្លួន អ្នកសារព័ត៌មានTNM ម្នាក់នៅក្នុងខេត្តកំពង់ធំ កុំឱ្យមានការភាន់ច្រឡំបន្តទៀត។
យោងតាមសេកច្តីថ្លែងការណ៍របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២៣បាន ជម្រាបជូនសាធារណជន ឱ្យដឹង ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ និង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ទំព័រ Facebook ដែលមានឈ្មោះ TNM ព័ត៌មានពិតគ្រប់ទីកន្លែង2 បានបង្ហោះជាសាធារណៈនូវវីដេអូដែលមានសំណេរ ចំណងជើងដើមទាំងស្រុងថា “ពិតជាពិបាកណាស់ ឈ្មួញឈើប្ដឹងអ្នកកាសែត ត្រូវបានតុលាការឃាត់ខ្លួន និង ឪ ខេត្តកំពង់ធំអើយ ចុះទឹកក្រពើ ឡើងលើខ្លា ពិតជាពិបាកណាស់ឈ្មួញឈើនិងមន្ត្រី” ដែលធ្វើឱ្យសាធារណ ជនមានការភាន់ច្រឡំ។
ពាក់ព័ន្ធនឹងបញ្ហានេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានពន្យល់ថា អង្គហេតុដែលបានបង្ហោះក្នុងខ្លឹមសារខាងលើ គឺ ត្រូវបានកំពុងចាត់ការក្នុងសំណុំ រឿងព្រហ្មទណ្ឌលេខ ១៦១ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធនឹង បទកំហែងយក ដែលមានដើមបណ្តឹងឈ្មោះ ហេង នី ភេទស្រី អាយុ៤៤ឆ្នាំ និងឈ្មោះ ស៊ុន វីថិត្រ ភេទប្រុស អាយុ៤០ឆ្នាំ និងជនត្រូវចោទឈ្មោះ សឿ សុជា ភេទប្រុស អាយុ៣០ឆ្នាំ ។
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ពន្យល់បន្ថែមនូវចំណាត់ការផ្លូវច្បាប់ពាក់ព័ន្ធលើ ឈ្មោះ សឿ សុជា ភេទប្រុស អាយុ៣០ឆ្នាំ ដូចខាងក្រោម៖
១. កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ សឿ សុជា ភេទប្រុស អាយុ៣០ឆ្នាំ ដែលបានអះអាងថាខ្លួនជាអ្នក សារព័ត៌មានTNM ត្រូវបានប្ដឹងដោយដើមបណ្តឹង ឈ្មោះ ហេង នី ភេទស្រី អាយុ៤៤ឆ្នាំ និងឈ្មោះ ស៊ុន វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ មកកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធនឹងករណី កំហែងយក ហើយត្រូវ បានចុះក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៦១ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។
២. ក្នុងការស៊ើបអង្កេតលើសំណុំរឿងនេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានកោះហៅភាគី ពាក់ព័ន្ធដែលមានក្នុងសំណុំរឿងខាងលើឱ្យចូលឆ្លើយបំភ្លឺតាមនីតិវិធីច្បាប់។ បន្ទាប់ពីស្តាប់ចម្លើយដើមបណ្តឹង ចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងដែលមានក្នុងសំណុំរឿងរួចរាល់ តំណាងអយ្យការអមសាលាដំបូងខេត្ត កំពង់ធំពិនិត្យឃើញថា ចម្លើយដើមបណ្តឹង ចម្លើយជនសង្ស័យ និងភស្តុតាងដែលមានក្នុងសំណុំរឿង មានភាព ស៊ីសង្វាក់គ្នាដែលបង្ហាញចេញនូវតម្រុយពិរុទ្ធភាពរបស់ ឈ្មោះ សឿ សុជា ភេទប្រុស អាយុ៣០ឆ្នាំ លើករណី កំហែងយក ដែលនាំឱ្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ សម្រេចបើកការស៊ើបសួរលើឈ្មោះ សឿ សុជា ភេទប្រុស អាយុ៣០ឆ្នាំ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ២០១ អ.ក/២៣ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ពីបទ កំហែងយក ហើយធ្វើការបញ្ជូនខ្លួនឈ្មោះ សឿ សុជា ភេទប្រុស អាយុ៣០ឆ្នាំ ទៅ កាន់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ។
៣. ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ បានដាក់ជនត្រូវចោទឈ្មោះ សឿ សុជា ភេទប្រុស អាយុ៣០ឆ្នាំ ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទកំហែងយក និងបានសួរចម្លើយជនត្រូវចោទ ហើយបន្ទាប់មកចៅក្រមស៊ើប សួរសាលាដំបូងខេត្តកំពង់ធំ បានសម្រេចចេញ ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន លេខ ១៦៣ ព្រទ/២០២៣ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លើឈ្មោះ សឿ សុជា ភេទប្រុស អាយុ៣០ឆ្នាំ ៕