ទស្សនៈ ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានទទួលការកោតសរសើរដ៏មហិមា

ភ្នំពេញ៖ ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានទទួលការកោតសរសើរដ៏មហិមា ពោរពេញដោយមោទនភាពជាតិ អស្ចារ្យសម្រាប់ពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានរួមទាំងកុមារផងដែរ។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុងប្រារព្ធធ្វើនៅប្រទេសកម្ពុជា បានទទួលការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យទស្សនិកជនចូលទស្សនា និងអបអរសាទរដោយឥតគិតថ្លៃ ។ លើសពីនេះ កម្មវិធីប្រកួតកីឡាទាំងអស់ អ្នកគាំទ្រអាចចូលទស្សនាដោយសេរី ខណៈអត្តពលិក និងអ្នកកាសែតជាតិ និងអន្តរជាតិត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ និងមិនត្រូវឱ្យបង់ថ្លៃស្នាក់នៅ និងហូបចុកនៅអំឡុងពេលប្រកួត។

នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា មហាជនបានបង្ហាញការសាទរយ៉ាងខ្លាំងក្លា ដោយពួកគាត់មានមោទនភាព ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានដឹកនាំចលនាជាតិ ប្រយុទ្ធឈ្នះកូវីដ កំពុងខិតខំស្តារសេដ្ឋកិច្ច ជីវភាពសង្គមជាតិ ឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស មកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ រហូតដល់កម្ពុជាមានលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅពេលនេះ។

មិនត្រឹមតែមនុស្សពេញវ័យទេដែលរំភើបចំពោះព្រឹត្តិការណ៍នេះ សូម្បីតែកុមារតូចៗក៏ពួកគេចាប់អារម្មណ៍ផងដែរ ជាក់ស្តែងកុមារា ព្រុំ សន្ធោបញ្ញា ហៅ Roger ដែលជាចៅប្រុសរបស់លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បើទោះទើបមានអាយុ៤ឆ្នាំកន្លះ ក៏កុមារារូបនេះបានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ចំពោះរូបភាពនៃការប្រកួតកីឡាផ្សេងៗ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះដែរ។

បន្ថែមពីលើនេះកុមារា ព្រុំ សន្ធោបញ្ញា រឹតតែរីករាយថែមទៀតនៅពេលដែលគេបានទៅទស្សនាការប្រកួតកីឡាដោយផ្ទាល់ ក្រោយពីកុមារារូបនេះបានទាមទារឪពុកម្តាយរបស់គេជូនទៅទស្សនាការប្រកួតកីឡាស៊ីហ្កេមនេះជារៀងរាល់ថ្ងៃ ខណៈកុមារារូបនេះស្រឡាញ់កីឡាបាល់ទាត់ និងចង់ក្លាយជាកីឡាករផងដែរ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍របស់កុមារា ព្រុំ សន្ធោបញ្ញា តែម្នាក់ទេ ប៉ុន្តែនៅមានកុមារកម្ពុជារាប់ម៉ឺននាក់ផ្សេងទៀតក៏ចាប់អារម្មណ៍ដែរ ហើយព្រឹត្តិការណ៍នេះក៏បានជំរុញ និងបណ្តុះទឹកចិត្តកុមារកម្ពុជាឲ្យស្រឡាញ់វិស័យកីឡាកាន់តែខ្លាំងឡើង ដោយសារពួកគេមានមោទនភាពខ្លាំងមែនទែនក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា បានប្រព្រឹតិ្តទៅចាប់ពីថ្ងៃទី៥ ដល់ទៅ១៧ ខែឧសភា ឆ្នាំ ២០២៣។ ក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះ កម្ពុជាបានត្រៀមខ្លួនបានយ៉ាងល្អ ទាំងធនធានមនុស្ស សន្តិសុខសណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងយុវជនស័្មគ្រចិត្ត។

ព្រឹត្តិការណ៍នេះ បាននិងកំពុងប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិភាព សាមគ្គីភាព និងមោទនភាព ដែលស្របទៅនឹងបាវចនាស៊ីហ្គេមនៅកម្ពុជា “កីឡា រស់ក្នុងសន្ដិភាព” ៕