លោក Fumiaki TAKAHASHI ប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងថា សមាគមជប៉ុន-កម្ពុជា នឹងពិនិត្យលទ្ធភាពក្នុងការពាំនាំសំណើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ទៅរាជរដ្ឋាភិបាលជប៉ុន។ ការប្រកាសជំហររបស់លោក Fumiaki TAKAHASHI នេះគឺធ្វើឡើងក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរ បានចាប់ផ្ដើមពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាការងារលើការសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា និងជប៉ុន។
ជាការឆ្លើយតប លោក Fumiaki TAKAHASHI ប្រធានសមាគមជប៉ុន-កម្ពុជា បានគាំទ្រចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា និងជប៉ុន។ ក្នុងនាមប្រធាន សមាគមជប៉ុន-កម្ពុជា លោកនឹងពិនិត្យលទ្ធភាពក្នុងការពាំនាំសំណើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ទៅរាជរដ្ឋាភិបាលជប៉ុន។
លោក ប៉ាន សូរស័ក្តិ បានបន្ថែមថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន បានពន្លឿនការឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន តាមរយៈការផ្តល់សិទ្ធិសេរីភាពនៃពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។
ជាក់ស្ដែង តាមស្ថិតិពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុនបានឈានដល់ប្រមាណ ១,៥ ពាន់លានដុល្លារ គិតត្រឹម ខែសីហា ឆ្នាំ២០២១។ លោក ថា សក្តានុពលផលិតផលនាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងសង្ហារឹម ដែលមានចំនួនខ្ពស់បំផុតក្នុងចំណោមផលិតផលផ្សេងទៀត ក្រៅពីនោះមានផលិតផលស្បែកជើង សម្លៀកបំពាក់ វាយនភ័ណ្ឌ និងផលិតផលប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានធានានូវស្ថិរភាពសន្តិភាព និងនយោបាយ ព្រមទាំងការវិនិយោគ និងបរិយាកាសអាជីវកម្ម ដែលអំណោយផលសម្រាប់វិនិយោគិនជប៉ុន៕